ព័ត៌មានជាតិ

គ្រោះថ្នាក់អគ្គិភ័យកើនឡើង អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន

កំពង់ចាម ៖ ​អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានគ្រោះអគ្គិភ័យ ព្រោះរដូវនេះ ជារដូវរាំងស្ងួតហួតហែង ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ ក្នុងពិធីអបអរសាទរទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ នៅព្រឹកថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ នៅភូមិចព្រៃក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា តាមរបាយការណ៍ អំពីហេតុការណ៍ គ្រោះអគ្គិភ័យឆ្នាំ ២០១៩ និងក្នុងត្រីមាស ទី ១ដើមឆ្នាំ២០២០ នៅទូទាំងខេត្តកំពង់ ចាមមានអត្រា គ្រោះអគ្គីភ័យកើតមាន ឡើង រហូតដល់ចំនួន ៤៩ ករណី បណ្ដា លឲ្យស្លាប់មនុស្ស ១នាក់ របួសមនុស្សចំនួន ២នាក់ ឆេះផ្ទះ៥៧ ខ្នង ខូចខាតជាទឹកប្រាក់សរុប ជាង ៨០០ លានរៀល ។
បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ មានការកើនឡើង ១៧លើក ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានសំណូមពរឲ្យ បងប្អូនប្រជាពលរដ្ឋ ផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើបញ្ហាអគ្គីភ័យនេះ ជាកិច្ចការអាទិភាព មួយទៀត សម្រាប់យើងទាំងអស់គ្នា ព្រោះថា ប្រសិនបើមានអគ្គិភ័យកើតឡើងនោះ ការខូចខាតពិតជាមានទំហំ មិនអាចប៉ាន់ប្រមាណបានឡើយ ដូចសុភាសិតមួយបានលើកឡើងថា (ស៊ូស្លាប់បាកុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ ) ។

ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងដែរថា ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យ ដែលកើតឡើងដោយចៃដន្យ សមត្ថកិច្ចជំនាញ ត្រូវអនុវត្តដូចខាងក្រោម ៖
ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងណែនាំដល់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ឱ្យត្រៀមលក្ខណៈបម្រុងទុកជាមុន ក្នុងការជួយសង្គ្រោះ ឱ្យបានទាន់ពេលវេលា ។

ចំណែកលោកអធិការដ្ឋាន នគរបាលក្រុង-ស្រុកទាំង១០ ត្រូវយកចិត្តទុកដាក់​ ចាត់តាំងមន្ត្រីចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ភូមិ-ឃុំ/សង្កាត់ ឱ្យមានការប្រុងប្រយ័ត្នជាមុន ការពារគ្រោះអគ្គិភ័យ ដោយខិតខំចលនាអោយបងប្អូន មានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើងចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ(ចង្ក្រានហ្គាស និងកំប៉ុងហ្គាស)ជាដើម និង ត្រូវមានទឹកបម្រុងទុកជាប្រចាំផងដែរ ។

ដោយឡែក នៅតំបន់ទីផ្សារ ចាំបាច់ត្រូវរៀបចំសណ្តាប់ធ្នាប់ ដល់អ្នកលក់ដូរ តូបលក់ដូរ ត្រូវត្រួតពិនិត្យខ្សែភ្លើងអគ្គិសនី និងមានទឹកគ្រប់គ្រាន់នៅជិតៗ អោយបានច្រើន មានម៉ាស៊ីនបូមទឹក មានទុយោរក្សាទុក សម្រាប់ត្រៀមលក្ខណៈ ពេលមានអគ្គិភ័យកើតឡើង ៕

To Top