ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ អំពាវនាវឲ្យភាគីពាក់ព័ន្ធ កាត់បន្ថយអ្នករត់ការ ដើម្បីទទួលបានតំណែង

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវ ដល់ភាគីពាក់ព័ន្ធ ត្រូវកាត់បន្ថយជាអតិបរមា ចំពោះអ្នករត់ការ ដើម្បីទទួលតំណែង នៅកន្លែងនីមួយៗ។

ក្នុងពិធី អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” នៅទីស្ដីការ ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ សម្ដេច ស ខេងបានថ្លែងថាភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅដល់ការអភិវឌ្ឍសមត្ថភាព ធនធានមនុស្សជាស្ដ្រី ឲ្យបានច្រើន ដើម្បីត្រៀមលក្ខណៈទទួលតំណែង ទៅតាមតួនាទីមុខជំនាញ រៀងៗខ្លួន។

សម្ដេច មានប្រសាសន៍ថា «ចង់រកមនុស្សធ្វើជា អនុប្រធាននាយករដ្ឋាន ធ្វើជាប្រធាននាយករដ្ឋាន អគ្គនាយករង អគ្គនាយក អាហ្នឹងយើងត្រូវមានប្រភព ហើយយើងត្រូវកាត់បន្ថយ ឲ្យបានជាអតិបរមា រត់ការ ដើម្បីនឹងស៊ូកសៀតតំណែង តួនាទី កន្លែងនីមួយៗ។ព្រោះពូកែណាស់ មន្ដ្រីយើងមួយចំនួន ពូកែដឹង ថា នរណាចូលនិវត្តន៍ ដឹងតាំងពី ថ្ងៃ ខែ ដឹងមែនទែន ដឹងជាងយើង រួចហើយទៅសុំកន្លែងហ្នឹង ព្រោះកន្លែងហ្នឹង មានអ្នកចូលនិវត្តន៍»។

សម្ដេចបន្ដថា ការតែតាំងមន្ដ្រីជា អភិបាលខេត្ត អភិបាលរង អភិបាលស្រុក អភិបាលរងស្រុក ច្បាប់បានចែងថា ការតែងតាំងមន្ដ្រី ត្រូវមាន ៖ ក្របខណ្ឌ បទពិសោធន៍ និងអាយុ។បន្ថែមពីនេះ សម្ដេច ឲ្យតម្លៃណាស់ សម្រាប់មន្ដ្រីណាឆ្លងកាត់ ធ្វើការងារជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខរបស់ពួកគាត់ ពីព្រោះមន្ដ្រីត្រូវបម្រើជាតិ និងពលរដ្ឋ។

ឆ្លៀតឱកាសនោះដែរ ក្រសួងមហាផ្ទៃ លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានអ្នកស្លាប់ច្រើនជាង ជំងឺកូវីដ-១៩ ទៅទៀត ដូច្នេះពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ជុំវិញ កូវីដ-១៩ រដ្ឋមន្ដ្រីមហាផ្ទៃ អំពាវនាវឲ្យ ពលរដ្ឋ ត្រូវលាងដៃ ជានិច្ច ដើម្បីសម្លាប់មេរោគផ្សេងៗ៕ ដោយ ៖ អេង ប៊ូឆេង

To Top