ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) អំពាវនាវដល់ រោងចក្រ និងក្រុមហ៊ុនដឹកជញ្ជូន បើសិនជួបបញ្ហាហាមឃាត់ មិនឲ្យដឹកវត្ថុធាតុដើម ចូលរាជធានីភ្នំពេញ នៅពេលថ្ងៃ ត្រូវរាយការណ៍ភ្លាមៗ ដើម្បីមានវិធានការ ដោះស្រាយជាបន្ទាន់។
យោងតាមសេចក្ដីជូនដំណឹង របស់ GMAC នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោមកិច្ចអន្ដរាមន៍ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ទៅកាន់ភាគីចិនវត្ថុធាតុដើម សម្រាប់បម្រើឲ្យវិស័យកាត់ដេរត្រូវ បានដឹកមកដល់ កំពង់ថែស្វយ័តក្រុងព្រះសីហនុ ជាបណ្ដើរៗហើយ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ តាមរយៈនាវាដឹកជញ្ជូនឈ្មោះ SITC Fujian។ រហូតមកដល់ថ្ងៃ អាទិត្យចុងសប្ដាហ៍នេះ GMAC រំពឹងថា មានកប៉ាល់ចំនួន១២គ្រឿង នឹងចូលចត នៅកំពង់ផែក្រុងព្រះសីហនុ ជាមួយនិងវត្ថុធាតុដើម បន្ថែមទៀត។
GMACបន្ដថា ភ្លាមៗនោះ ទូកុងតឺន័រទាំងអស់ ត្រូវបានស្ទួចយកចេញពីនាវា មកដាក់នៅលើទីលានកុងតឺន័រ។ ទន្ទឹមនេះ វិធានបន្ថែមប្រព្រឹត្តិកម្មច្រកបៃតង (Green Lane) ដែលដាក់ចេញដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួយសម្របសម្រួលនីតិវិធី និងបែបបទបញ្ចេញទំនិញភ្លាមៗ ពីកំពង់ផែ ហើយបានដឹកជញ្ជូន ទៅកាន់រោងចក្រនៅតាមតំបន់ផ្សេងៗ រួមទាំង រាជធានីភ្នំពេញ ផងដែរ។
លើសពីនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យរថយន្ដកុងតឺន័រទាំងនោះ អាចធ្វើចរាចរណ៍ចូលក្នុងរាជធានីភ្នំពេញ បានទាំងពេលយប់និងពេលថ្ងៃ និងបានចាត់វិធានការ ឲ្យមានការសម្រួលចរាចណ៍ ក្នុងករណីចាំបាច់នានា ដើម្បីធ្វើការដឹកជញ្ជូនសម្ភារៈ វត្ថុធាតុដើមទាំងនោះ ទៅកាន់រោងចក្រ ដែលមានមូលដ្ឋាន នៅក្នុងរាជធានីភ្នំពេញ ឲ្យបានឆាប់រហ័ស។
ក្នុងករណីពិសេស រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមផ្ដល់ការអមដំណើរ ដល់រថយន្ដកុងតឺន័រ ទាំងនោះ ដើម្បីបញ្ជៀសការកកស្ទះ ឬការឃាត់ទុក ដោយនគរបាលចរាចរណ៍ ដែលបានកំពុងសម្រួលសណ្ដាប់ធ្នាប់ ដោយមិនបានដឹងថា ទំនិញទាំងនោះ ជាសម្ភារៈវត្ថុធាតុដើម សម្រាប់បម្រើឲ្យវិស័យកាត់ដេរ។
សមាគមរោងចក្រកាត់ដេរ នៅកម្ពុជាអំពាវនាវ ដល់រោងចក្រ ដែលជាសមាជិក ក៏ដូចជា ក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់ឲ្យបានជ្រាប អំពីកិច្ចសម្របសម្រួលពិសេសនេះ។ ក្នុងករណីជួបបញ្ហាហាមឃាត់ មិនឲ្យចូលក្នុងរាជធានីភ្នំពេញ សូមធ្វើការទំនាក់ទំនង និងរាយការណ៍ភ្លាមៗ លេខទូរស័ព្ទ ០១២ ៩៧៥ ៩៩៣ និង០១២ ៨០៨ ០៨៤៕ ដោយ៖ អេង ប៊ូឆេង