ភ្នំពេញ៖ ភាគីពាក់ព័ន្ធនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំ ស្តីពីបញ្ហាប្រឈម របស់តម្លៃស្វាយធ្លាក់ចុះ ក្នុងពេលបច្ចុប្បន្ន ដែលបណ្តាលមកពីការផ្ទុះឡើង នៃជំងឺកូវីត១៩។
ក្នុងកិច្ចប្រជុំនៅស្នាក់ការ សមាគមស្វាយកំពង់ស្ពឺ មានវត្តមាន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត តំណាងប្រធានមន្ទីរកសិកម្មខេត្ត តំណាងប្រធានមន្ទីរឧស្សាហ៍កម្មខេត្ត ប្រធានសមាគមស្វាយកំពង់ស្ពឺ តំណាងរដ្ឋបាលសាលាឃុំត្រែងត្រយឹង និងប្រជាកសិករចំនួន៥០គ្រួសារ។
លោកអ៊ុ សំអាង កសិករធ្វើស្វាយនៅគីរីរម្យ បានមានប្រសាសន៍រាយការណ៍ ពីការលក់ស្វាយបច្ចុប្បន្ន តម្លៃស្វាយខៀវ ក្នុងចំការសល់តែ៣០០រៀល ក្នុងមួយគីឡូក្រាម ក៏មានចំការខ្លះលក់បានតែ២០០រៀលទេ ក្នុងមួយគីឡូក្រាមផងដែរ ហើយអ្នកទិញយកតែ៣ផ្លែ ក្នុងមួយគីឡូក្រាមឡើងទៅ ចំណែក៤ផ្លែក្នុងមួយគីឡូក្រាម ត្រូវឈ្មួញបោះចោលក្នុងចំការ ព្រោះរោងចក្រ គេមិនទទួលទិញដូចមុនទេ។ កសិករចំនួន៩០% ធ្វើចំការស្វាយ នៅក្នុងខេត្តកំពង់ស្ពឺភាគច្រើន ជាអ្នកជួលចំការគេធ្វើ ពួកគាត់មកពី បណ្តាខេត្តព្រៃវែង កណ្តាល កំពង់ចាម និងតាកែវ។ ក្នុងឆ្នាំនេះប្រជាកសិករ ចំនួន៩៨% បានទទួលរងនូវការខាតបង់យ៉ាងខ្លាំង ដោយសារតែផ្លែតម្លៃស្វាយក្នុងខែមីនានេះ ធ្លាក់ចុះសល់តែ៣០០រៀល ក្នុងមួយគីឡូក្រាមដូច្នេះ។
លោកអ៉ិន ឆៃវ៉ាន ប្រធាសមាគមស្វាយកំពង់ស្ពឺ និងជាប្រធានប្រតិបត្តិ សមាគមសហព័ន្ឋស្វាយកម្ពុជា បានស្នើសុំឲ្យមន្ទីរជំនាញទាំង៣ខាងលើ អញ្ជើញតំណាងរោងចក្រទាំង១៦ក្នុងខេត្ត មកចរចារគ្នាដើម្បីរកដំណោះស្រាយ ជួយសម្រួលទិញកសិផល ដែលកសិករផលិតបានហើយ ពិបាកនាំចេញទៅប្រទេសជិតខាង ខណៈមេរោគថ្មីកំពុងផ្ទុះឡើង។
លោកញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បាន សំណូមពរទៅប្រជាកសិករ ឲ្យរួបរួមគ្នាធ្វើកសិកិច្ចសន្យា ទិញលក់ឲ្យបានច្បាស់លាស។ លោកនឹងធ្វើសំណើ ទៅលោកអភិបាលខេត្តកំពង់ស្ពឺ ដើម្បីកោះអញ្ជើញតំណាងរោងចក្រ កែច្នៃដំណាប់ស្វាយទាំងអស់របស់ខេត្ត មកជួបពិភាក្សាគ្នា នៅពលខាងមុខដ៏ខ្លីនេះ៕