ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ ពលរដ្ឋខ្មែរនាំគ្នាភ័យខ្លាច COVID-19តែអត់ខ្លាចជំងឺផ្លូវដង្ហើម ដែលក្នុង១ឆ្នាំ មានអ្នកកើតជាង២លាននាក់

ភ្នំពេញ ៖ ក្រោយសង្កេតឃើញ ប្រជាពលរដ្ឋខ្មែរ មួយចំនួន មានការភ័យខ្លាច ពីជំងឺកូវីត១៩ រហូតទៅដល់ទិញ របស់របរស្តុកទុកនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន បាននាំគ្នាផ្អើលភ័យខ្លាច ពីជំងឺកូវីដ១៩ តែអត់នាំគ្នាភ័យខ្លាច ពីជំងឺផ្លូវដង្ហើម ដែលក្នុង១ឆ្នាំ មានអ្នកកើតជំងឺផ្លូវដង្ហើម ជាង២លាននាក់ នៅទូទាំងប្រទេស ។

ក្នុងកិច្ចពិភាក្សាស្ដីពី”សារព័ត៌មាន ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ”នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា “ខ្ញុំអត់និយាយតែរឿង COVID-19 ទេមេរោគច្រើនណាស់ ដែលយើងអត់បានគិត ឥឡូវខ្ញុំជូនស្ថិតិមួយ ឥឡូវនាំគ្នាភ័យរឿង COVID-19 ដែលមានតែ១ករណី ឬ២កណី ឥឡូវមានករណីទី៣ ដែលជាករណី នាំចូល១ជាករណី ឆ្លងពីជនជាតិជប៉ុន ដែល២ទៀតគឺជាករណីនាំចូល ដែល សហគមន៍យើងអត់មាន ការចម្លងរាលត្បាតនៅឡើយទេ ។ ប៉ុន្តែយើងក្រឡេកមើល នៅក្នុងសន្និបាត ក្រសួងសុខាភិបាលកន្លងទៅនេះ ទើបបញ្ចប់ កាលពីថ្ងៃទី៣ដល់ទី៤ ខែមិនា កន្លងទៅនេះ បានបង្ហាញច្បាស់ណាស់ នៅក្នុងសៀវភៅសន្និបាត មានមនុស្ស២លាននាក់ជាង ដែលមានជំងឺផ្លូវដង្ហើម តែដូចជាអត់ផ្អើល ២លាននាក់ជាង សរុបទូទាំងប្រទេស អាហ្នឹងមានអាការៈ ក្អក កណ្ដាស់ ផ្ដាសាយធំ ផ្ដាសាយតូច ជំងឺហឺត និយាយរួមឲ្យតែជំងឺសួត”។

លោកស្រីសង្កត់ធ្ងន់ថា ទន្ទឹមនឹងការគិតភ័យខ្លាចពីជំងឺ COVID-19 តែប្រជាពលរដ្ឋ ត្រូវនាំគ្នាគិតពីបញ្ហាជំងឺផ្សេងៗទៀត ឲ្យបានច្រើនផងដែរ ។
ក្នុងឱកាសនោះលោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា ក្រុមគ្រូពេទ្យគឺជាអ្នកដែលនៅជិតអ្នកជំងឺ ដែលមានផ្ទុកមេរោគ COVID-19ទី១ មុនគេ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់រកឃើញគ្រូពេទ្យណាម្នាក់ មានផ្ទុកនូវជំងឺ COVID-19នេះនៅឡើយទេ ។

លោកស្រីបន្ថែមថា អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ជំងឺ COVID-19នេះ ៨០ភាគរយ គឺជាករណីដែលមានស្ថានភាពស្រាលមានន័យថា នៅពេលដែលមនុស្សទទួលបាននូវមេរោគកូវីដនេះ ដោយមិនមែនថា មិនឈឺនោះទេ តែវាមានសន្ទុះស្រាលដោយអ្នកខ្លះគ្រាន់តែកើតជំងឺគ្រុនក្ដៅតិចតួច ព្យាបាលត្រឹមរយៈពេល១៤ថ្ងៃក៏បានធូរស្បើយវិញ ជាធម្មតា។

លោកស្រីថា ប្រសិនបើប្រជាពលរដ្ឋខ្លាចឆ្លងនូវជំងឺវីដ១៩ នេះ វិធានការ ការពារមានច្រើន គឺត្រូវគេងឲ្យបានគ្រប់គ្រាន់ បរិភោគអាហារឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យមានជាតិទឹក ក្នុងខ្លួនឲ្យបានច្រើននោះ នឹងមានវីតាមីន ក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ និងដើម្បីឲ្យសរីរាង្គរបស់មនុស្សខ្លាំង និងធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងសរីរាង្គរបស់មនុស្ស ប្រឆាំងជាមួយនឹងវីរុស បានខ្លាំង ដូច្នេះកាលណាប្រព័ន្ធភាពសាំរបស់មនុស្សខ្លាំង ទោះបីវីរុសនោះចូលមកក្នុងខ្លួន ក៏វីរុស នោះមិនអាចធ្វើបាបរាងកាយ របស់មនុស្សខ្លាំងក្លាបានដែរ។

ជាមួយគ្នានេះដែរលោកស្រី បានបញ្ជាក់ថា យោងតាមគោលការណ៍ ប្រតិបត្តិត្រួតពិនិត្យបច្ចេកទេស របស់អង្គការសុខភាពពិភពលោក មិនអនុញ្ញាត ឲ្យដឹកជញ្ជូនអ្នកជំងឺ ដែលបានផ្ទុកជំងឺ កូវីដ១៩នេះ ពីកន្លែងមួយទៅកន្លែងមួយទៀតឡើយ មានន័យថា អ្នកជំងឺមានផ្ទុកជំងឺនៅខេត្តណា គឺត្រូវបញ្ជូនអ្នកជំងឺនោះ ទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តនោះផ្ទាល់ មិនអាចផ្លាស់ប្ដូរតាមតែចិត្តបានឡើយ ។

ទាក់ទិននឹងជំងឺកូវីដ១៩នេះផងដែរនៅថ្ងៃទី១១ មីនាក្រុមវេជ្ជបណ្ឌិតជំនាញ នៃក្រសួងសុខាភិបាលកម្ពជា បានចុះយកវត្ថុសំណាករបស់អ្នកដំណើរ និងបុគ្គលិកបម្រើ ការងារ ចំនួន ៦៤នាក់ នៅលើនាវាមកពិនិត្យ និងបញ្ជូនទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។

នាវាទេសចរណ៍នេះ បានមកសំចត នៅកំពង់ផែទន្លេមេគង្គ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយអ្នកដំណើរ និងបុគ្គលិកទាំង៦៤នាក់ ពុំត្រូវបានអនុញ្ញាតឱ្យឡើងគោកទេ ដោយត្រូវពិនិត្យតាមដាន១៤ថ្ងៃសិន បន្ទាប់ពីស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំម្នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩។

រដ្ឋបាលខេត្តកំពង់ចាម ប្រាប់ពលរដ្ឋ កុំអោយភិតភ័យ ចំពោះការរកឃើញ ខូវិដ១៩ ករណីទីបី លើនាវាទេសចរណ៍ដែល ចូលចតនៅខេត្តកំពង់ចាម ។
ចំណែកនៅខេត្តសៀមរាបឯណោះវិញ ន្ទីរសុខាភិបាល ខេត្តសៀមរាប ឱ្យដឹងថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិ ជប៉ុនមាន ផ្ទុកជំងឺកូវីដ-១៩ ត្រូវបានធ្វើតេ្តស ហើយបង្ហាញ ជាលទ្ធផលគឺអវិជ្ជមាន ។

បើយោងតាមការបញ្ជាក់ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់មន្ទីរសុខាភិបាលខេត្ត សៀមរាប នៅ ថ្ងៃទី១១ ខែមីនាឆ្នាំ២០២០នេះ បញ្ជាក់ទៀតថា បុរសម្ចាស់ PassApp រូបនេះ គឺគាត់មានសុខភាពល្អ មិន មានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យ នៅដោយឡែក និងតាម ដាន ចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕ ដោយ៖ធី លីថូ

To Top