ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា ៖ ចិនដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់ឲ្យកម្ពុជាបង្ហាញឲ្យឃើញពីជំហានដំបូងនៃការស្រោចស្រង់វិស័យកាត់ដេរ

ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងថា ចិនដឹកវត្ថុធាតុដើម មកផ្គត់ផ្គង់ឲ្យកម្ពុជា បង្ហាញឲ្យឃើញពីជំហានដំបូង នៃការស្រោចស្រង់វិស័យកាត់ដេរ ដើម្បីឆ្លើយតបទៅ នឹងផលប៉ះពាល់ នៃការរីករាលដាលជំងឺកូវីដ-១៩។

សូមរំលឹកថានាពេលថ្មីៗនេះ នាវាដឹកជញ្ជូនរបស់ប្រទេសចិន ចំនួន៧គ្រឿង ដែលដឹកវត្ថុធាតុដើមសម្រាប់ ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា កំពុងដឹកចូលមកផែកម្ពុជា ជាបន្តបន្ទាប់ ក្នុងនោះ មាន៥គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ និង២គ្រឿងទៀត ចូលចតនៅកំពង់ផែវៀតណាម សម្រាប់ផ្គត់ផ្គង់រោងចក្រក្រុងបាវិត ខេត្តស្វាយរៀង ។

លោក ប៉ាវ ស៊ីណា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ «ខ្ញុំមើលឃើញថា ទាំងអស់នេះ ដោយមានការស្នើសុំពីរាជរដ្ឋាភិបាល ទៅកាន់រដ្ឋាភិបាលចិន ដើម្បីស្រោចស្រង់វិស័យកាត់ដេរ នៅប្រទេសខ្មែរយើង» ។

លោកបន្ដថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល បានប្រើប្រាស់វិធានការផ្សេងៗ ដើម្បីធ្វើការដឹកជញ្ជូន ដូចជា ៖ ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ធ្វើយ៉ាងណាឲ្យវិស័យកាត់ដេរ នៅកម្ពុជា ដំណើរការធម្មតា តាមរយៈការស្នើសុំវត្ថុធាតុដើមពីរដ្ឋាភិបាលចិន មកផ្គត់ផ្គង់រោងចក្រ នៅកម្ពុជា។

លោក មានប្រសាសន៍ថា «អ្វីដែលខ្ញុំមើលឃើញនេះជាជំហានដំបូង បន្ទាប់ពីមានការស្នើពីប្រមុខរាជរដ្ឋាភិបាលយើង តាំងពីថ្ងៃទី១០ (មីនា) រហូតដល់ពេលនេះ យើងឃើញថា មានការដឹកជញ្ជូន ជាបន្ដបន្ទាប់ នូវវត្ថុធាតុដើមទាំងអស់មកកម្ពុជា ។ ដូច្នេះខ្ញុំគិតថា វាជាជំហានចាប់ផ្ដើម នៃការផ្គត់ផ្គង់នៅវត្ថុធាតុដើម ទៅដល់បណ្ដាលរោងចក្រសហគ្រាស នៅស្រុកខ្មែរយើង ដើម្បីឆ្លើយតបទៅដល់ផលប៉ះពាល់ នៃរីករាលដាលជំងឺនេះ(កូវីដ-១៩)»។

ជាងនេះទៅទៀត ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លើកឡើងថារាជរដ្ឋាភិបាលបាននិង កំពុងធ្វើយ៉ាងណាឲ្យវិស័យកាត់ដេរនៅកម្ពុជា ដំណើរការទៅមុខ ។ ជាពិសេស កម្មករ-កម្មការិនី និងអ្នកវិយោគ មានការងារធ្វើជាបណ្ដើរៗវិញ ហើយបានដោះស្រាយ សង្វាក់ផលិតកម្ម និងដោះស្រាយនូវអ្វីដែលកម្មករកំពុង មានការព្រួយបារម្ភផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top