ព័ត៌មានជាតិ

ប.ស.ស. បន្តខិតខំ បម្រើសេវា ជូនសមាជិករបស់ខ្លួន ឱ្យបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នេះ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា នាយកបេឡាជាតិ សន្តិសុខសង្គម បានអញ្ជើញជាធិបតីភាព ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយ ជាមួយថ្នាក់ដឹកនាំ ដែលជាប្រធាន និងអនុប្រធាន តាមបណ្តាការិយាល័យ និងប្រធាន ប.ស.ស. សាខាខណ្ឌ ទាំងអស់នៃ ប.ស.ស. សរុបប្រមាណជាង ៤០នាក់ ។

កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីត្រួតពិនិត្យ លើបញ្ហាប្រឈម និងចំណុច មិនប្រក្រតីនានា ដែលជាកត្តារាំងស្ទះ នៃការផ្តល់ និងទទួលប្រើប្រាស់ សេវារបស់បងប្អូន ដែលជាសមាជិក ប.ស.ស.។

លោក ប្រតិភូរាជរដ្ឋាភិបាល នៅក្នុងឱកាសនេះ បានជម្រុញបន្ថែមឱ្យលោក លោកស្រី ដែលជា ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស. គ្រប់ការិយាល័យ និងគ្រប់សាខាទាំងអស់ ធ្វើយ៉ាងណា ពន្លឿនក្នុងការផ្តល់ប្រាក់ បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេស ការផ្តល់ការសម្របសម្រួល ឱ្យបានទាន់ពេលវេលា ចំពោះបងប្អូន ដែលជាសមាជិកទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស. ។

លោកប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តទៀតថា ក្នុងនាមយើងជាមន្រ្តីរាជការ ត្រូវធ្វើយ៉ាងណាបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ឱ្យបានល្អប្រសើរ និងទាន់ពេលវលា ដើម្បីឆ្លើយតប ទៅនិងគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

រហូតមកដល់ពេលនេះ ស្ថាប័ន ប.ស.ស. ត្រូវបានប្រមុខ រាជរដ្ឋាភិបាល ទទួលស្គាល់ និងវាយតម្លៃខ្ពស់ ចំពោះការបំពេញភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ និងទាន់ពេលវេលា នូវសេវាកិច្ចគាំពារសង្គម ជាពិសេសការផ្តល់សេវា របបសន្តិសុខសង្គម សម្រាប់បងប្អូនកម្មការិនី ជាស្រ្តីសម្រាលកូន៕

To Top