ព័ត៌មានជាតិ

សាហាវម្ល៉េះ ! ស្រវឹងជោកជាំ បើករថយន្តបុកស្នងការរង២នាក់ និងកម្លាំងអន្តរាគមន៍ម្នាក់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ ដោយសារស្រវឹងជោកជាំ ធ្វើអោយបុរសម្នាក់ មានមុខងារជា អនុប្រធានការិយាល័យ នៃក្រសួងទេសចរណ៍ បានបើករថយន្តបុកស្នងការរង២នាក់ និងកម្លាំងអន្តរាគមន៍ម្នាក់ សរុបចំនួន៣នាក់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។ ទោះបីយ៉ាងណា ជនបង្ក ត្រូវបានសមត្ថកិច្ច ចាប់វៃខ្នោះភ្លាមៗផងដែរ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣៥នាទី យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស មុខសាលាវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ខណៈក្រុមសមត្ថកិច្ច កំពុងដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ឆែកឆេរអាវុធគ្រឿងផ្ទុះ និង ចាប់ឃាត់ខ្លួនអ្នកស្រវឹង ។

សមត្ថកិច្ច អះអាងថា ជនបង្កឈ្មោះ ឆាយ គឹមហួន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៣៨ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរជាអនុប្រធានការិយាល័យ នៃក្រសួងទេសចរណ៍ បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BD-9867 ។

ចំណែកជនរងគ្រោះ៣នាក់ ទី១ គឺ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ ទី២ លោកស្រីឧត្តមសេនីយ៍ទោ ស៊ីម ផាណុំ ស្នងការរង ទទួលផែនការជួញដូរមនុស្ស និង កម្លាំងអន្តរាគមន៍ពិសេសម្នាក់ទៀត ។

ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចធ្វើការវៃខ្នោះ និងឃាត់ខ្លួនយកទៅការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការច្បាប់ ៕

To Top