ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនលោក ដែង សុវណ្ណាវុធ អនុ ប្រធានការិយាល័យ គាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការ វិនិយោគសាលាខេត្តកំពត ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ និង សំអាតប្រាក់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅពេលកំពុងផឹកស៊ី នៅអាហារដ្ឋានមួយកន្លែងឈ្មោះ “សប្បាយ សប្បាយ” ស្ថិតក្នុងភូមិគ្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
យោងតាមការចុះផ្សាយ របស់សារព័ត៌មានខ្លីៗបានឲ្យដឹងថា ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹង ជាច្រើនបានប្តឹងលោក ដែង សុវណ្ណាវុធ ពាក់ព័ន្ធនិងការកិបកេងលុយ មូលនិធិសម្រាប់ ការអភិវឌ្ឍមូលដ្ឋាន ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ២៦០ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ របស់លោក អ៊ី ឃាង ចៅ ក្រម ស៊ើសួរ សាលាដំបូងខេត្តកំពត បានបញ្ជាក់ថា ឈ្មោះ ដែង សុវណ្ណាវុធ ភេទប្រុស កើត ឆ្នាំ ១៩៧៣ ជន ជាតិខ្មែរ សាសនាព្រះពុទ្ធ កំរិតវប្បធម៌ចប់បាក់ឌុប មុខ របរ ជា អនុប្រធានការិយាល័យ គាំទ្រ មូលដ្ឋាន នៃទីចាត់ការផែនការ វិនិយោគសាលាខេត្តកំពត។
បើតាមខ្លឹមសារដីកា បង្គាប់ឲ្យឃុំខ្លួននេះបញ្ជាក់ទៀតថា ឈ្មោះ ដែង សុវណ្ណាវុធ ត្រូវ បាន ដាក់ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ វីតិក្រម តាមមាត្រា៥៩២ និង មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ ដែលបានបញ្ញាត្តិនៅក្នុងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងបទសម្អាតប្រាក់ តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃ ច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រព្រឹត្តនៅខេត្តកំពត កាល ពី អំឡុង ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០៕