ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ស៊ុ សោភ័ណ នាយករងបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងកិច្ចប្រជុំគណៈកម្មការ សម្របសម្រួលគម្រោងកិច្ចគាំពារសង្គម “ ផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ (SPIN Project) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី២ហើយ របស់គណៈកម្មការ សម្របសម្រួល នៃគម្រោងកិច្ចគាំពារសង្គម ដោយផ្តោតសំខាន់ ទៅលើការកែសម្រួល អំពីនីតិវិធីសំខាន់ៗចំនួន ៣ ។
នីតិវិធីសំខាន់ៗទាំង៣រួមមាន៖ (១).ការកំណត់អត្តសញ្ញាណ, (២). ការចុះបញ្ជិកា និង (៣). ការប្រមូលភាគទាន សម្រាប់ប្រជាជនក្រុមគោលដៅ ដែលជាកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយជ្រើសយក អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ ជាអាទិភាពដំបូង ហើយនឹងបន្តទៅដល់ កម្មករសំណង់ ដែលជាអាទិភាព បន្ទាប់ផងដែរ ។ កាលពីកិច្ចប្រជុំលើកទី១ យើងបានសិក្សា លើសមិទ្ធិលទ្ធភាព លើការអនុវត្តគម្រោង ប៉ុន្តែពេលនេះ គឺជាជំហានបន្ទាប់ ដែលត្រូវពិនិត្យកែសម្រួល លើនីតិវិធីសំខាន់ៗទាំង ៣ចំណុច ដើម្បីធានាឱ្យមានសមធម៌ សាមគ្គីធម៌សង្គម និងលើកកម្ពស់សុខុមាលភាព ជីវភាពរបស់ប្រជាពលរដ្ឋ ។
ទាក់ទងទៅនឹងការកែសម្រួល អំពីនីតិវិធីសំខាន់ៗចំនួន ៣ ខាងលើ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា៖ ដើម្បីធានាឱ្យបាន នូវសង្គតិភាពសង្គម និងជៀសវាងហានិភ័យហិរញ្ញវត្ថុ ដល់ប្រជាជនគ្រប់រូប ប.ស.ស. បានធ្វើសហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងតំណាងកម្មករនិយោជិត ដើម្បីសិក្សាលើសមិទ្ធិលទ្ធភាព លើការអនុវត្តកិច្ចគាំពារសង្គម ដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅលើប្រជាជនក្រុមគោលដៅ ដែលរួមមានអ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះជាអាទិភាព ហើយនិងបន្តទៅដល់ កម្មករសំណង់ ដែលជាអាទិភាពបន្ត បន្ទាប់ផងដែរ ។
លោកវេជ្ជបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនាពេលនេះ នឹងជួយផ្តល់គណៈកម្មការ សម្របសម្រួលនូវធាតុចូលសំខាន់ៗ បទពិសោទន៍ថ្មីៗ និងដំណោះស្រាយបញ្ហាប្រឈម ដែលកំពុងមានចំពោះមុខ ដើម្បីជាគន្លឹះ និងឧបករណ៍ក្នុងការសម្រេច ឱ្យបាននូវគម្រោងកិច្ចគាំពារ សុខភាពសង្គមផ្នែក នវានុវត្តន៍សម្រាប់វិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមាន ចូលរួមពីតំណាង អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងកិច្ចការនារី, សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, សមាគមអ្នកបម្រើតាមផ្ទះ, អង្គការអន្តរជាតិខាងការងារ ប្រចាំប្រទេសកម្ពុជា (ILO), ក្រុមការងារបច្ចេកទេស នៃគម្រោង SPIN, ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD), និងអង្គភាព អង្គការពាក់ព័ន្ធនានា សរុប្រមាណជាង ៥០នាក់៕