ព័ត៌មានជាតិ

សម្ដេច ស ខេង៖ កាលណានគរបាលប៉ុស្តិ៍-ស្រុកខ្លាំង នោះជនល្មើស មិនអាចរត់ទៅណាបានឡើយ (វីដេអូ)

ការជ្រើសរើសមន្រ្តីប៉ុសិ៍នគរបាល ត្រូវទុកអាទិភាពឲ្យមនុស្សមានដើមកំណើតនៅនឹងមូលដ្ឋាន

រដ្ឋមន្រ្តីមហាផ្ទៃ៖ ការជ្រើសរើសមន្រ្តីប៉ុសិ៍នគរបាល ត្រូវទុកអាទិភាពឲ្យមនុស្សមានដើមកំណើតនៅនឹងមូលដ្ឋាន ទើបការងារមានប្រសិទ្ធភាពhttps://dap-news.com/national/2020/03/12/40289/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ព្រហស្បតិ៍ 12 មីនា 2020

ភ្នំពេញ៖ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ លើកឡើងថា ប្រសិនបើកាលណា មន្រ្តីនគរបាលប៉ុស្តិ៍ និងថ្នាក់ដឹកនាំនគរបាលស្រុក ខ្លាំង នោះរាល់ប្រភេទបទល្មើស ដូចជា ចោរ ឆក់ លួច ប្លន់ ជាពិសេសបទល្មើសគ្រឿងញៀន ជាដើម មិនអាចរត់គេចទៅណាបានឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម សខេង បានថ្លែងថា កន្លងទៅមានមន្រ្តី របស់រដ្ឋមួយចំនួន មានតែឈ្មោះ នៅតាមស្ថានប័ន តែអត់មកធ្វើការក៏មាន។

សម្ដេចបន្តថា “ជួនអីមានតែឈ្មោះ តែអត់មកធ្វើការក៏មាន ប៉ុន្តែជួនអីក្របខណ្ឌវាខ្វះក៏មានដែរ ព្រោះកន្លងទៅ យើងត្រូវទទួលស្គាល់ថា ការប្រឡងចូលក្របខណ្ឌ មន្រ្តីយើងសុំប្រឡង ថាមកធ្វើការនៅមូលដ្ឋាន កន្លែងនេះកន្លែងនោះ ប៉ុន្តែដល់ពេលដែលប្រឡងជាប់ គាត់អត់មកធ្វើការកន្លែងនេះទេ គាត់សុំផ្ទេរត្រឡប់ទៅវិញ ហើយផ្ទេរទៅភ្នំពេញ ឬផ្ទេរមកខេត្ត ទីរួមខេត្តអីចឹង បញ្ហានេះ ដែលយើងបានរកឃើញ ហើយយើងបានទប់ស្កាត់ ដោះស្រាយបានមួយជំហាន រួចមកហើយដែរ មិនសូវមានទេ”។

សម្ដេចសង្កត់ធ្ងន់ថា កាលណាជ្រើសរើសប៉ុស្តិ៍នគរបាល មន្រ្តីប៉ុស្តិ៍នគរបាល នៅកន្លែងណា គឺត្រូវ តែជាមនុស្សដែលមានដើមកំណើត ផ្ទាល់នៅកន្លែងធ្វើការទីនោះ។

សម្ដេចបន្តថា “ពិនិត្យទាំងក្របខណ្ឌ ពិនិត្យទាំងធនធានមនុស្ស មធ្យាបាយ សម្ភារៈ ធ្វើការអីទាំងអស់ ទំនាក់ទំនងជុំវិញបញ្ហាហ្នឹង ដើម្បីយើងវាយតម្លៃថា ប៉ុស្តិ៍នគរបាលរបស់យើង វាមានសមត្ថភាពប៉ុណ្ណា នគរបាលស្រុក អធិការដ្ឋាន ដូចគ្នាចឹងដែរ ព្រោះពីហ្នឹង ថ្នាក់ពីហ្នឹងយើងចាត់ទុកថា ជាថ្នាក់មូលដ្ឋានហ្អា! បើពីរហ្នឹង នគរបាលវាខ្លាំង វារឹងមាំចោរគ្មានរួចខ្លួនទេ អត់រួចខ្លួនទេ តែផ្ទុយទៅវិញ ពីរហ្នឹងវាខ្សោយ ទោះបីខាងលើវាខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនអាចមើលអស់ដែរ។ អាហ្នឹងបានយើងផ្ដល់សំខាន់ មន្រ្តីនៅហ្នឹងកន្លែង”។ រដ្ឋមន្រ្តីឲ្យដឹងទៀតថា បទលើ្មសទាំងឡាយភាគច្រើន កើតនៅតាមមូលដ្ឋាន ដោយមិនមានកើតនៅតាមថ្នាក់មជ្ឈឹមឡើយ។

សម្ដេចថា បើកាលណា មានការការពារ នៅតាមមូលដ្ឋានពីមន្រ្តីមានសមត្ថកិច្ច ឲ្យបានជាប់លាប់ រឹងមាំហើយ នោះរាល់ប្រភេទបទល្មើស ដូចជាៈ ចោរ លួច ឆក់ ប្លន់ ក៏ដូចជាបទល្មើសគ្រឿងញៀនក្ដី នឹងអាចចាប់ជនល្មើសបាន ជាក់ជាពុំខាន ដោយជនល្មើស មិនអាចរត់គេចទៅណា ផុតបានឡើយ៕ ដោយ៖ធី លីថូ

To Top