ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់អនុសាសន៍ ឱ្យក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធរួមគ្នា ទប់ស្កាត់ព័ត៌មានមិនពិត ការញុះញង់ អុចអាល ប៉ុនប៉ង បង្កឱ្យមានអំពើហិង្សា ភាពចលាចល វឹកវរ អសន្តិសុខក្នុងសង្គម ។
សម្ដេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធី បិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ព័ត៌មានក្លែងក្លាយជាចំណុចរសើប ព្រោះបច្ចុប្បន្នជំងឺកូរ៉ូណាCOVID-19 ត្រូវបានមនុស្សមួយចំនួន យកបញ្ហានេះ មកធ្វើអាជីវកម្ម ចុះផ្សាយនូវព័ត៌មានមិនពិត ដោយអាងថាជាសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ។
សម្តេចបន្តថា យើងមានសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិ ក៏ប៉ុន្តែ មិនត្រូវធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិអ្នកដទៃ ហើយបើកាលណា ផ្សព្វផ្សាយព័ត៌មានមិនពិត នឹងធ្វើឱ្យសង្គមច្របូកច្របល់ ប៉ះពាល់ដល់ផលប្រយោជន៍រួម។
សម្ដេចក្រឡាហោមមានប្រសាសន៍ បន្ថែមទៀតថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺពលរដ្ឋអាចធ្វើការផ្សព្វផ្សាយ ពីភាពខ្វះចន្លោះរបស់រាជរដ្ឋាភិបាល មន្ត្រីនេះ មន្ត្រីនោះមិនល្អ ការគ្រប់គ្រង់សង្គមមិនបានល្អ អាចទិទៀនបានព្រោះយើង ធ្វើតាមគោលការណ៍រដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត គឺតែងតែងបំផ្លើស រឿងដែលស ទៅជាខ្មៅ ។ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋទៀតសោត ក៏ត្រូវចេះញែក អ្វីទៅជាព័ត៌មានពិត ព័ត៌មានក្លែងក្លាយ សូមឱ្យបញ្ចេញមតិយ៉ាងណា កុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ។
សម្តេចបានលើកឡើងថា ចំពោះករណីផ្សព្វផ្សាយកន្លងទៅ យើងបានប្រើប្រាស់វិធានការអប់រំ ប៉ុន្តែបុគ្គលណា ដែលនៅតែបន្តប្រព្រឹត្តកំហុសដដែលៗ ត្រូវតែអនុវត្តច្បាប់ ។ ជាមួយគ្នានេះក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួម បកស្រាយបំភ្លឺដល់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ទាក់ទង់ទៅនឹងការបំផុសបំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗ ដែលមានចរិតអុជអាល និងខិតខំបំផុសប្រជាពលរដ្ឋឱ្យគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាង ការចូលរួមក្នុងសកម្មភាពទាំងឡាយណា ដែលផ្ទុយពីច្បាប់ ក៏ដូចជាសកម្មភាព ដែលប៉ះពាល់ដល់សន្តិភាព ស្ថេរភាព និងសន្តិសុខជាតិ៕