ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ លោក Jiangfeng Zhang នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអាស៊ីអាគ្នេយ៍ទទួលបន្ទុកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម បានអះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក្នុងផែនការយុទ្ធសាស្ត្រថ្មី ២០២១-២០២៣។នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសូួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក Jiangfeng Zhang បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោកវេង សាខុន និងសហការីដែលតែងតែ ផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជាមួយក្រុមការងារ ធនាគារអភិវឌ្ឍន៍អាស៊ី រួមគ្នាអនុវត្តកម្មវិធី និងគម្រោងទទួលបាន លទ្ធផលជាផ្លែផ្កា ជាប្រយោជន៍ដល់ប្រជាកសិករ និងវិស័យកសិកម្មទាំងមូល។
លោកបានបន្ថែមថា ដោយទទួលបានអនុសាសន៍ ពីលោករដ្ឋមន្ត្រី នាជំនួបកន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការកែសម្រួល និងរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់គាំទ្រដល់កម្ពុជា ក្នុងវិស័យកសិកម្ម ២០២១-២០២៣ ដែលផែនការយុទ្ធសាស្ត្រថ្មីនេះ ផ្តោតភ្ជង់ ជាសំខាន់ទៅលើការធ្វើ កំណែទម្រង់ តាមរយៈការធ្វើទំនើបកម្មកសិកម្ម យន្តុបនីយកម្មកសិកម្ម ពិពិធកម្មកសិកម្ម ការរៀបចំផែនការ កំណត់តំបន់ដាំដុះ ការគ្រប់គ្រងនិងប្រើប្រាស់ថ្នាំ កសិកម្ម ការកែច្នៃនិងវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព និងការផ្ដល់ប្រាក់កម្ចីជូនសហគមន៍ និងសហគ្រាសខ្នាតតូចនិងមធ្យម ធ្វើយ៉ាងណាបំពេញ ខ្សែច្រវាក់ផលិតកម្មកសិកម្ម ឲ្យបានពេញលេញ ដើម្បីបង្កើនតម្លៃបន្ថែមជូនអ្នកផលិត។ មួយវិញទៀត ចំពោះវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្តល់ការគាំទ្រផងដែរ ដែលកម្មវិធីថ្មីនេះគ្រោងនឹងដាក់អនុវត្តក្នុងឆ្នាំ២០២១ ដើម្បីគ្រប់គ្រង ការពារចលនាសត្វ និងជំងឺឆ្លងពីមនុស្សមកសត្វ និងសត្វមកមនុស្ស រួមជាមួយការបង្កើនផលិតកម្មសត្វក្នុងស្រុក។
លោកនាយកក៏បាន រាយការណ៍បន្ថែមថា ក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី បាននិងកំពុងធ្វើការយ៉ាងសកម្ម ជាមួយរដ្ឋបាលជលផល រៀបចំអនុវត្តកម្មវិធី ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៅតាមតំបន់សមុទ្រ និងឆ្នេរសមុទ្រផងដែរ។ កម្មវិធីទាំងអស់នេះសម្រេចទៅបានគឺត្រូវការការចូលរួមយ៉ាងសកម្មនិងមានប្រសិទ្ធភាពពីមន្ត្រីជំនាញរបស់ក្រសួង ដូច្នេះស្នើសុំលោករដ្ឋមន្ត្រីមេត្តាផ្តល់ការគាំទ្រ។
ជាការឆ្លើយតប លោកវេង សាខុន បានថ្លែងអំណរគុណចំពោះ ធនាគារអភិវឌ្ឍន៍ អាស៊ីដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន បច្ចេកទេស ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធាន មន្ត្រីជំនាញនៃក្រសួង និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ក្នុងវិស័យកសិកម្ម។ ហើយលោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តផ្តល់ការគាំទ្រ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដល់ក្រសួង ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងបរិបទកំណើន សេដ្ឋកិច្ចរបស់កម្ពុជា និងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៣០ និង២០៥០។
លោករដ្ឋមន្ត្រីជាថ្មីម្ដងទៀត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ការយកចិត្តទុកដាក់ និងជាពិសេសផ្តល់ការគាំទ្រ ដល់គោលនយោបាយ កំណែទម្រង់របស់ក្រសួង ដើម្បីឆ្លើយតបទៅនឹង បរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជន សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ ចំពោះកម្មវិធីថ្មីៗទាំងអស់នេះលោករដ្ឋមន្ត្រីបញ្ជាក់ថា គឺពិតជាមានវិសាលភាពទូលំទូលាយ និងបានគ្របដណ្តប់គ្រប់គោលដៅរបស់ក្រសួង និងពិសេស បានឆ្លើយតបទៅនឹង អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេជោនាយករដ្ឋមន្ត្រី ក្នុងការបង្កើន ផលិតភាពផលិតកម្ម ក្នុងស្រុកទាំងផ្នែកដាំដុះ និងផលិតកម្មសត្វ ឈានឆ្ពោះទៅការកាត់ បន្ថយការនាំចូល ៕ដោយ៖បាន ធារ៉ូ