ព័ត៌មានជាតិ

សម្ដេចតេជោ៖ មានទូរទស្សន៍ បរទេសមួយចុះផ្សាយថា ខ្ញុំប្រហែលឆ្លង កូវីដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មានទូរទស្សន៍បរទេសមួយចុះផ្សាយថា សម្ដេច ប្រហែលជាឆ្លងជំងឺ កូវីដ-១៩ ហើយ ខណៈសម្ដេច អង្គុយប្រជុំក្នុងរដ្ឋជាសភាធម្មតា។

សម្ដេចតេជោ បានសរសេរ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ថា “មានទូរទស្សន៍បរទេសមួយ បានផ្សាយថា ខ្ញុំបានឬប្រហែលឆ្លង កូវីដ-១៩ទៅហើយ។ពេលនេះ ខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែកត្រូវចេញទៅ ខេត្តបាត់ដំបងដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យ ទី១៥ មីនា ២០២០”។

សម្ដេចបញ្ជាក់ថា កូវីដ-១៩ វាកាចសាហាវណាស់ ប៉ុន្ដែព័ត៌មានក្លែងក្លាយ វាកាចសាហាវជាងនេះទៅទៀត ដែលចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំង ជាមួយជំងឺដ៏គ្រោះថ្នាក់នេះ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវី-ដ១៩ តាមរយៈវិធានការអនាម័យ ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗដើម្បីធានាថា នៅកម្ពុជា គ្មានជំងឺកូវីដ-១៩ បន្ថែមទៀតលើចំនួន ដែលបានឆ្លងរួចមកហើយចំនួន៥នាក់ ។ ក្នុងនោះ ជនជាតិខ្មែរម្នាក់ អង់គ្លេស៣នាក់ និងចិនម្នាក់ដែលបានព្យាបាលជាសះស្បើយ ។

សូមបញ្ជាក់ថា ទូរទស្សន៍ ប៉ុស្តិ៍លេខ៧ ថៃបានចុះផ្សាយពាក់ព័ន្ធសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អាច នឹងមានជំងឺកូវិដ១៩។ ក្នុងនោះលើកឡើងថា មានការចាប់អារម្មណ៍លើលទ្ធផល ពិនិត្យសុខភាពសម្តេចតេជោ ហ៊ុន សែន ។ សម្តេចបានបង្ហើបថា នឹងចូលទៅទទួលការពិនិត្យសុខភាពក្រោយ ពីមានអាការៈតឹងច្រមុះ ស្តាសសាយ មិនស្រួលខ្លួន ក៏ប៉ុន្តែនៅមិនទាន់កំណត់ច្បាស់ថាពេលណា និងទទួលបានថា អាចនឹងឆ្លង កូវិដ១៩ ។

គិតត្រឹមព្រឹកថ្ងៃ១៣ មីនា នេះ មានអ្នកស្លាប់ជិត ៥០០០នាក់។ ឆ្លងជិត១៣៥០០០ នាក់។ ជាសះស្បើយជិត៧០ ០០០ នាក់។ ហើយជិត៦០០០០នាក់កំពុងឈឺធ្ងន់ ៕

ដោយ អេង ប៊ូឆេង

To Top