ព័ត៌មានជាតិ

រមណីយដ្ឋានឡូរីថ្មី ជើងភ្នំបាណន់ កំពុងទាក់ទាក់ទាញ ភ្ញៀវទេសចរ ឲ្យទៅលេងបុណ្យទន្លេ

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ បានលើកឡើងថា រមណីយដ្ឋានឡូរី ជើងភ្នំបាណន់ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង បាននិងកំពុងទាក់ទាញ អារម្មណ៍ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ឲ្យទៅកំសាន្តលេង ក្នុងឱកាសបុណ្យទន្លេយ៉ាងច្រើនកុះករ ។

ក្នុងឱកាសធ្វើដំណើរទស្សនកិច្ច ដោយជិះឡូរីកម្សាន្ត នៅជើងភ្នំបាណន់ រួមជាមួយក្រុមកីឡាករជិះកង់ និងភ្ញៀវទេសចរ ក្នុងស្រុកប្រហែលជា ៣០០នាក់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លោកថោង ខុន បានថ្លែងថា “ឡូរីនេះ ជាផលិតផលទេសចរណ៍ថ្មី ប្រកបដោយភាពទាក់ទាញ សម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ហើយទេសចរទាំងអស់ មានក្តីរំភើបសប្បាយរីករាយ ដោយបានទស្សនាទេសភាព និងធម្មជាតិដ៏ស្រស់ស្អាត នៅតាមជើងភ្នំបាណន់” ។

សូមបញ្ជាក់ថា រមណីយដ្ឋានឡូរី ជើងភ្នំបាណន់ ត្រូវបានដាក់បញ្ចូល ក្នុងកញ្ចប់ទស្សនកិច្ចទេសចរក្នុងស្រុក ពិសេសក្នុងឱកាសបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះ ហើយរមណីយដ្ឋាននេះ បាននិងកំពុងផ្តល់ឱកាសការងារ បង្កើតមុខរបរ និងប្រាក់ចំណូលជាច្រើន ជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ច នៅស្រុកបាណន់ និងខេត្តបាត់ដំបងផងដែរ ៕ ដោយ៖ធី លីថូ

To Top