ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចេញរថយន្ត ដឹកទឹកចែកជូនប្រជាពលរដ្ឋ តំបន់ជាយៗក្រុង ដែលរងការខ្វះខាត

ភ្នំពេញ ៖ នារដូវប្រាំងនេះ នៅតាមបណ្តាខណ្ឌមួយចំនួន ជាពិសេសតំបន់ជាយៗក្រុង បាននិងកំពុងជួបប្រទះ នូវបញ្ហាកង្វះទឹកស្អាត ប្រើប្រាស់ ។ ឆ្លើយតបនឹងបញ្ហានេះ ដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការ បញ្ចេញរថយន្តដឹកទឹក ចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ខ្វះខាត ។

ក្នុងកិច្ចប្រជុំជាមួយ មន្ត្រីជុំនាញ ពាក់ពន្ធ័នឹងបញ្ហាកង្វះទឹក ២០១៩-២០២០ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើប្រាស់ រថយន្តដឹកទឹក ដើមម្បីដឹកជូន ប្រជាពលរដ្ឋ ជាពិសេស នៅតំបន់ជាយក្រុង បើនៅតែមិនគ្រប់ នឹងប្រើរថយន្តអគ្គីភ័យ ដើម្បីដឹកទឹកបម្រើជូន ប្រជាពលរដ្ឋបន្ថែមទៀត ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌ នៅតាមជាយក្រុង ត្រូវតែផ្ដល់ព័ត៌មាន ឲ្យបានជ្រាបអំពីបញ្ហាកង្វះទឹកនេះ ទៅដល់ប្រជាពលរដ្ឋ ម្យ៉ាងទៀត ត្រូវរួមគ្នា ដោះស្រាយចំពោះបញ្ហានេះ ដើម្បីផ្គត់ផ្គង់ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ និងជំរុញឲ្យការ ថែរក្សាស្រះទឹកក្នុងភូមិ ដើម្បីដោះស្រាយទឹកមួយចំណែក លើការលាង ការស្រោច និងការបោកគក់ជាដើម ។

លោកស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញ បានអោយអ្នកសារព័ត៌មានដឹងថា “តម្រូវការប្រើទឹកជាក់ស្តែង របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ត្រូវការប្រើប្រាស់ច្រើន និងម្យ៉ាងទៀត ដោយសារកំពស់ទឹកទន្លេ ទាបវាបានធ្វើអោយដំណើរការ បូមទឹកខ្សោយ ហើយការចែកចាយទឹក ជូនទៅប្រជាពលរដ្ឋ ក៏រឹតតែខ្សោយដែរ ហើយស្ថានភាពផ្គត់ផ្គង់ទឹកស្អាត មិនត្រឹមតែខ្វះ នៅពេលនេះទេ គឺបន្តខ្វះ អោយតែនៅរដូវប្រាំង រហូត ដល់ឆ្នាំ២០២២ ។

លោកអគ្គនាយក បានលើកឡើងទៀតថា “សព្វថ្ងៃនេះរដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញ មានសមត្ថភាព ផលិតទឹកស្អាត បានទំហំត្រឹមតែ ជាង៦០ម៉ឺនម៉ែត្រគុប ក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈដែលតម្រូវការប្រើប្រាស់ ជាក់ស្តែង ជាង៧០ម៉ឺនម៉ែត្រគុប ក្នុង១ថ្ងៃ មានន័យថា យើងខ្វះទឹកប្រើប្រាស់ ប្រមាណ១០ម៉ឺនម៉ែត្រគុប ក្នុង១ថ្ងៃ ដែលបានធ្វើអោយទឹក តំបន់ជាយក្រុង មានការខ្វះទឹកប្រើប្រាស់ខ្លាំង”។

លោកស៊ឹម ស៊ីថា បានបញ្ជាក់ ឲ្យដឹងផងដែរថា ដើម្បីកាត់បន្ថយ នៃកង្វះទឹកប្រើប្រាស់នេះ រដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១៩នេះ បានចុះហត្ថលេខា ដើម្បីសាងសង់ រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាព ផលិតទឹកបានប្រមាណ៤០ម៉ែត្រគុប ក្នុងមួយថ្ងៃ ដោយប្រើប្រាស់ រយៈពេលនៃការសាងសង់ ចំនួន៣ឆ្នាំ៩ខែ ហើយក្រោយពីរោងចក្រនេះ ស្ថាបនារួចរាល់ នឹងអាចកាត់បន្ថយ នៃការខ្វះទឹកនេះ បានមួយកម្រិតទៀត។

លោកក៏បានបញ្ជាក់ថា ជុំវិញបញ្ហាខ្វះទឹកនេះ មិនមែនការផលិតទឹក របស់យើងថយចុះនោះទេ តែដោយសារតម្រូវការ ប្រើប្រាស់កាន់តែច្រើន ពោលគឺរាជធានីភ្នំពេញ មិនត្រឹមតែរីកទទឹង និងបណ្តោយប៉ុណ្ណោះទេ សូម្បីតែកំពស់ ក៏បានរីកឡើងខ្ពស់ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញ គ្រោងនឹងផលិតទឹក ឱ្យបានមួយលានម៉ែត្រគុប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ ។

ស្របពេលដែល ស្ថានភាពទឹក មានការខ្វះខាតនេះ លោកស៊ឹម ស៊ីថា ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ សន្សំសំចៃ លើការប្រើប្រាស់ទឹកស្អាតនេះ ដើម្បីអោយចរន្តទឹក អាចចែកចាយ ទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅ ជាយទីក្រុងបានប្រើប្រាស់ផងដែរ ៕ ដោយ៖ ដារាត់

To Top