ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា រាជរដ្ឋាភិបាល ចាត់តាំងក្រុមការងារចុះមូលដ្ឋាន ជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ព្រមទាំង ជំរុញឲ្យមានប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈផងដែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេច ស ខេង។
ក្នុងពិធី ចុះជួបសំណេះសំណាលជាមួយ ពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ ស្ពាន-សាលារៀន នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា វត្ថុបំណងរបស់រាជរដ្ឋាភិបាល ក្នុងការ សាងសង់សាលារៀន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ មានឱកាសសិក្សារៀនសូត្រ និងក្លាយជាធនធានមនុស្ស ដ៏ល្អរបស់ជាតិ។
សម្ដេច មានប្រសាសន៍ថា «បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏ដូចជា គណបក្សប្រជាជនកម្ពុជាដែរ គឺបានចាត់តាំងក្រុមការងារ ចុះមូលដ្ឋានជាប់ ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយ បញ្ហាប្រឈមផ្សេងៗផង និងជំរុញប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈផង។ ជាក់ស្ដែង មានស្ពានជាច្រើនត្រូវបានសាងសង់ ដើម្បីឆ្លយតបសេចក្ដី ត្រូវការរបស់ប្រជាពលរដ្ឋ»៕ ដោយ ៖ អេង ប៊ូឆេង