ភ្នំពេញ ៖ ក្រោយពីការរីករាល មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឬCOVID-19នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង (CDC) បានពន្យល់ថា COVID-19 ឆ្លងតាមរយៈដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយៈ ក្អក ឬកណ្តាស ជាដើម មិនមែនហោះហើរក្នុងខ្យល់ឡើយ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ CDC នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ថា «មេរោគកូរ៉ូណាវីរុស ប្រភេទថ្មី ឬCOVID-19 ឆ្លងតាមរយៈដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយៈ ក្អក ឬកណ្តាស មិនមែនហោះហើរ ក្នុងខ្យល់ទេ។ត្រូវចងចាំថា ដំណក់ទឹកតូចៗ អ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ។អ្នកវិទ្យាសាស្រ្ត រកឃើញថា ចំងាយខ្ទាតចេញពីមុខមនុស្សយើង ចំងាយបាន ៣ហ្វីត បើគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ»។
CDC បន្ដថា ដូច្នេះបើនៅឆ្ងាយពីអ្នកជំងឺ លើសពី១ម៉ែត្រ នឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ។ CDC ថា នៅ ពេលអ្នកជំងឺ ក្អក ឬកណ្តាស ម្តងៗ បណ្តាលឲ្យខ្ទាតទៅលើផ្ទៃផ្សេងៗ ដូចជា លើតុ លើជញ្ជាំង លើបង្កាន់ដៃ ។ ហើយ ដៃក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារ ប៉ះជញ្ជាំង ប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឲ្យឆ្លងពេល ប៉ះមុខ និងច្រមុះ។
បន្ថែមពីនេះ CDC លើកឡើងថា អ្នកវិទ្យាសាស្រ្តរកឃើញថា ក្នុង១ថ្ងៃៗ មនុស្សប៉ះមុខជាមធ្យម ៦០ដង ហេតុដូច្នេះ តំរូវ ឲ្យអ្នកជំងឺត្រូវពាក់ម៉ាស់ ដើម្បីកុំឲ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺ និងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយ សាប៊ូ អាល់កុល ជេល ជាដើម។ ចំពោះអ្នក ពុំចាំបាច់ពាក់ម៉ាស់ទេ គឺពាក់ម៉ាស់នៅពេលចាំបាច់ ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាម ក្រោយប្រើប្រាស់រួច។
សូមរំលឹកថា គិតត្រឹម ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញ COVID-19 ចំនួន ៧ករណី រួមមាន ៖ ទី១- បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ,ទី២-បុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ,ទី៣-ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ,ទី៤-បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ,ទី៥-ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ,ទី៦-បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ និងទី៧-បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ៕