ព័ត៌មានជាតិ

សម្ដេចតេជោ ៖ មកដល់នេះ ទូកុងតឺន័រ ជាង១ពាន់ទូ ផ្ទុកវត្ថុធាតុដើម មកផ្គត់ផ្គង់រោងចក្រនៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រហូតមកដល់ពេលនេះ មានទូកុងតឺន័រជាង១ពាន់ ដែលផ្ទុកវត្ថុធាតុដើម នាំចូលមកផ្គត់ផ្គង់រោងចក្រនៅកម្ពុជា ក្រោយពីជំងឺ កូវីដ-១៩ កំពុងមានការរីករាលដាល។

ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមមប្រឹក្សា ឃុំ-សង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន អង្គការសុខភាពពិភពលោក បានប្រកាសថា អឺរ៉ុប គឺជាមជ្ឈមណ្ឌលនៃការផ្ទុះជំងឺ កូវីដ-១៩ ហើយស្ថានភាពនៃកូវីដ-១៩ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ គម្លាតយោបាយរវាងប្រទេស និងប្រទេស។

សម្ដេច មានប្រសាសន៍ថា «គាំទ្ររបស់មិត្តចិនដល់កម្ពុជា ក្នុងស្ថានភាពដ៏លំបាកនេះ ដែលមកដល់ពេលនេះមាន ទូកុងតឺន័រ ជាង ១០០០ ដែលផ្ទុកវត្ថុធាតុដើម បានចូលមកផ្គត់ផ្គង់រោងចក្រ នៅកម្ពុជាហើយ»។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន រំលឹកថា ដើម្បីទប់ស្កាត់ នៃការរីករាលដាល ជំងឺកូវីដ-១៩ ពីប្រទេសដែល កំពុងមានជំងឺឆ្លងដ៏គំហុគនេះ ក្រសួងសុខាភិបាលកម្ពុជា ហាមឃាត់ប្រទេសចំនួន៥ មិនឲ្យឆ្លងចូលកម្ពុជា ចំនួន៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ មីនា តទៅ រួមមាន ៖ ទី១-អាមេរិក ,ទី២-បារាំង ,ទី៣-អាល្លឺម៉ង់ ,ទី៤-អេស្ប៉ាញ និងទី៥-អ៊ីតាលី។

នាឱកាសសំណេះសំណាល សម្ដេចតេជោ ហ៊ុន សែន ផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន ដល់មន្ត្រីខេត្តត្រូវយកចិត្តទុកដាក់ ដូចជា៖

ទី១-ត្រូវអនុវត្តឲ្យបានល្អនូវការងារ ភូមិ-ឃុំ មានសុវត្ថិភាព និងត្រូវគ្រប់គ្រងកុំឲ្យមានក្រុម បងតូច បងធំ គ្រឿងញៀន ចោរកម្ម ជាដើម។

ទី២-ត្រូវរួមគ្នាផ្ដល់សេវាសាធារណៈ ឲ្យបានល្អជូនប្រជាពលរដ្ឋ ដែលនេះជាកិច្ចការត្រូវតែធ្វើឲ្យបានល្អ ដោយចៀសមិនបាន។ ជាពិសេស អាជ្ញាធរយកចិត្តទុកដាក់ រួមគ្នាដោះស្រាយបញ្ហាទំនាស់ដីធ្លី ឲ្យបានសមស្រប លឿន និងមានប្រសិទ្ធភាពខ្ពស់។

និងទី៣-មន្ត្រីទាំងអស់ ត្រូវរំលឹកខ្លួនឯងជាប្រចាំថា «យើងមិនមែនជាចៅហ្វាយ របស់ប្រជាជននោះទេ គឺយើងជាអ្នកបម្រើ ដ៏ស្មោះត្រង់របស់ប្រជាជន ហើយត្រូវយកយកចិត្តទុកដាក់ បម្រើប្រជាជនឲ្យបានល្អ»៕

ដោយ ៖ អេង ប៊ូឆេង

To Top