ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ ស្ថិតនៅចំនុចស្ពានស្ទឹងសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
មន្រ្តីនគរបាលស្រុកំពង់សីលា បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយរថយន្ត ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A 0511 មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំនុចខាងលើ បានចូលទៅបុករថយន្តមួយគ្រឿង ម៉ាក HYUNDIA ពណ៌ស ត្រួយចេក ពាក់ស្លាកលេខ កំពង់ស្ពឺ 3A 2329 ក្នុងទិសដៅផ្ទុយគ្នាអ្នកបើកបរឈ្មោះ ឆោម ចន្ធី ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិតាំងស្រឡៅ ឃុំតាំងខ្យា ស្រុកភ្នុំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់មករថយន្តHYUNDIA ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1B 8791ទិសដៅស្របគ្នា អ្នកបើកបរឈ្មោះ វង់ វិចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង និងឈ្មោះ ប៉េង សុខន ភេទប្រុសអាយុ២៥ឆ្នាំ អ្នករួមដំណើរ មានទីលំនៅជាមួយគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តHINO បង្កបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នអ្នករងរបួស ទាំងពីរនាក់ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែក ម៉ូតូ១គ្រឿង រថយន្ត២គ្រឿង ផ្នែកជំនាញកំពុងធ្វើការ អូសចេញពីលើផ្លូវ ដើម្បីសម្រួល ក្នុងការធ្វើចរាចរណ៍ទៅមក និងបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកពង់សីលា ដើម្បីរង់ចាំធ្វើការដោះស្រាយ នាពេលក្រោយ ៕