ព័ត៌មានជាតិ

ក្រសួងដែនដី និងរដ្ឋបាលរាជធានី រៀបចំវគ្គផ្សព្វផ្សាយច្បាប់សំណង់ ដល់អាជ្ញាធរដើម្បីលើកកម្ពស់ វិស័យសំណង់

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាល រាជធានីភ្នំពេញ នាថ្ងៃទី១៦ មីនា ឆ្នាំ២០២០ បានរៀបចំវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្តីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹង និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង លើវិស័យសំណង់ ។

វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតី លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីចូលរួម ប្រមាណជាង៣០០នាក់ នៅសាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “វគ្គផ្សព្វផ្សាយអំពីច្បាប់ ស្តីពីសំណង់ដល់អាជ្ញាធរ មានសមត្ថកិច្ចនិងមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងច្បាប់ ស្តីពីសំណង់ដែលមានចែង ក្នុងច្បាប់ស្តីពីសំណង់ ដើម្បីលើកកំពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដល់មន្ត្រីរបស់យើង ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ អោយកាន់តែល្អប្រសើរឡើង”។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា “វិស័យសំណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩នេះ មានសំណង់បុរី និងបណ្តុំផ្ទះល្វែង ចំនួន២៣៧កន្លែង អគារខ្ពស់ៗ ចំនួន៤ជាន់ឡើង ទៅមានចំនួន ១ ២៤៧ទីតាំង ផ្ទះសំណាក់ មានចំនួន៦៣៤ទីតាំង សណ្ឋាគារផ្កាយ៥ ចំនួន៤ទីតាំង សណ្ឋាគារប្រណីតៗ ចំនួន២៦០ទីតាំង និងទទួលបាននូវគម្រោង សាងសង់ថ្មីៗទៀត ចំនួន១០៣០គម្រោង ដែលមានទំហំទុនវិនិយោគ ប៉ាន់ប្រមាណ ប្រហែលជា ៣,៤ពាន់លានដុល្លារអាមេរិក”។

លោកបន្តថា ទន្ទឹមនឹងការរីកចំរើននេះ រាជធានីភ្នំពេញក៏មានបញ្ហា ប្រឈមយ៉ាងខ្លាំងផងដែរ ពិសេសលើវិស័យសំណង់នេះ ព្រោះថាសំណង់កាន់តែច្រើន ទំហំកាន់តែធំ អគារកាន់តែខ្ពស់ ធ្វើអោយយើងកាន់តែស្មុកស្មាញ ដែលទៀមទា អោយយកចិត្តទុកដាក់ ពង្រឹងយន្តកាលគ្រប់គ្រង រាល់ដំណើរការសាងសង់ និងការដ្ឋានសំណង់ទាំងអស់ អោយបានត្រឹមត្រូវ ទៅតាមស្តង់ដាគុណភាព បច្ចេកទេសសាងសង់ ដើម្បីធានាភាពរឹងមាំសោភ័ណភាព គុណភាពសំណង់ និងដើម្បីបញ្ជៀសគ្រោះថ្នាក់ការងារ ដែលកើតឡើងដោយយថាហេតុ។

ក្នុងឱកាសអញ្ជើញបើកវគ្គនេះដែរ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ដែរថា “ដោយការខិតខំប្រឹងប្រែង អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច បានធ្វើអោយរាជធានីភ្នំពេញ មានការអភិវឌ្ឍ និងមានសន្តិសុខល្អប្រសើរ” ។

លោករដ្ឋមន្ត្រី បន្តថា “ច្បាប់សំណង់ដែលធ្វើការផ្សព្វផ្សាយនេះ មានចំនួន២២ជំពូកនិង១១១មាត្រា ហើយគោលបំណង បង្កើតអោយមានការផ្សព្វផ្សាយនេះ គឺទី១ ចង់អោយអាជ្ញាធរ មន្ត្រីជំនាញទាំងអស់ ដឹងអំពីគោលការណ៍វិធានសំខាន់ៗ ដើម្បីធានាអនុវត្ត អោយបានត្រឹមត្រូវ មានការឯកភាពគ្នា បំពេញតួនាទី សមត្ថកិច្ចរបស់ខ្លួន ប្រកបទៅដោយការទទួលខុសត្រូវ។ គោលបំណងទី២ គឺការជម្រុញការលើកកំពស់ ក្រមសីលធម៌វិជ្ជាជីវ របស់អ្នកវិជ្ជាជីវនិងក្រុមហ៊ុន ប្រកបការងារលើវិស័យសំណង់។ទី៣ បង្កើនប្រសិទ្ធភាព ក្នុងគ្រប់គ្រងវិស័យសំណង់ តាមរយៈការបង្កើនជំនឿទុកចិត្ត ដល់អ្នកវិនិយោគិន និងអតិថិជន គ្រប់វិស័យទាំងអស់” ។

លោកបានបញ្ជាក់ផងដែរថា កន្លងមកនេះ នៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ មានសំណង់អត់ច្បាប់ ប្រមាណ៧៥ភាគរយ ពេលនេះច្បាប់មានហើយ ដើម្បីធានាប្រសិទ្ធភាព នៅក្នុងការអនុវត្តច្បាប់សំណង់នេះ ស្នើអោយអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ មិនអនុញ្ញាតគឺមិនអោយសាងសង់។ ច្បាប់នេះបានចែងអស់ហើយ ដោយអ្នកល្មើស នឹងមានទោសទណ្ឌថែមទៀត៕ ដោយ៖ ដារាត់

To Top