ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋ ជឿទុកចិត្តលើវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩៩

ភ្នំពេញ៖ ដោយសង្កេតឃើញ ប្រជាពលរដ្ឋមួយចំនួន មានការភិតភ័យខ្លាំង ចំពោះ ការរីករាលដាលនៃជំងឺកូវីដ១៩នោះ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានភាពនឹងនក្នុងចិត្ត និង កុំមានការភ័យខ្លាច ហើយត្រូវជឿទុកចិត្តលើវិធានការ របស់រាជដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពី “ការប្រយុទ្ធទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩” នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

សេចក្ដីប្រកាសព័ត៌មានបន្តថា ដើម្បីបញ្ចៀស នូវការចម្លងកូវីដ១៩ ក្នុងសហគមន៍ជាយថាហេតុ នោះ រាជរដ្ឋាភិបាល បានឲ្យក្រសួងសុខាភិបាល សហការជាមួយកងកម្លាំងសុខាភិបាល នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងសុខាភិបាល នៃនគរបាលជាតិ រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះដែរ ក្រសួងបានក្រើនរម្លឹកប្រជាពលរដ្ឋ ឲ្យថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និង បរិស្ថានជំវិញខ្លួនឲ្យបានជាប់ជាប្រចាំ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន២៤នាក់ហើយ ដោយសុទ្ធតែជាជំងឺនាំចូលពីបរទេស។ ហើយមកដល់ពេលនេះ កម្ពុជា ពុំទាន់មានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅឡើយ។

ក្រសួងសុខាភិបាល ក៏បានសម្រេចប្រើប្រាស់ សណ្ឋាគារ Great Duke (អតីតសណ្ឋាគារអាំងទែ កុងតឺណង់តាល់) ជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺ COVID-19 ៕ ដោយ៖ធី លីថូ

To Top