ភ្នំពេញ ៖ ស្របពេលដែលជំងឺកូវីដ កំពុងរីករាលដាល ស្ទើរពាសពេញពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៏កំពុងរងគ្រោះ ដោយសារជំងឺនេះផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រាប់ក្រុមអ្នកវិនិយោគជប៉ុន នៅកម្ពុជា កុំឲ្យភ័យបារម្ភលើបញ្ហា ដែលកំពុងតែជួបប្រទះនេះ ព្រោះកម្ពុជា គឺកំពុងតែមានវិធានការ ទប់ស្កាត់ហើយ ។
ក្នុងជំនួបជាមួយ លោក តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ចំពោះលោក តាកាហាស៊ី ដែលបានចែករំលែក នូវព័ត៌មានពាក់ព័ន្ធ ជាមួយនឹងជំងឺកូវីដ១៩ ។
សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូ ទាំងមូលអំពីស្ថានភាពជាទូទៅ នៃជំងឺកូវីត១៩ ដែលទើបតែនឹងកើតឡើង នៅកម្ពុជារយៈពេលថ្មីៗនេះប៉ុណ្ណោះ។
សម្ដេចតេជោ បានមានប្រសាសន៍ថា បញ្ហាជំងឺខូវីដ១៩នេះ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច ។
ក្នុងនេះដែរ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូអំពីវិធានការ ទប់ស្កាត់បញ្ហាក្នុងករណី ដែលមានជំងឺកូវីដនេះ ដោយរយៈពេលខ្លី ៦ខែ និងរយៈពេលវែង ដោយសម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បានមានផែនការ រួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ក្នុងករណី ដែលជំងឺនេះនៅមានក្នុងរយៈពេលវែង ឬក៏ខ្លីនៅកម្ពុជា ឬនៅលើពិភពលោក ។
យ៉ាងណាក៏ដោយ សម្ដេចតេជោក៏បានស្វាគមន៍ អ្នកវិនិយោគ ដែលកំពុងវិនិយោគ នៅកម្ពុជា និងអ្នកវិនិយោគ ដែលទើបមកជួបសម្ដេច នៅពេលនេះសុំកុំឲ្យមានការភ័យបារម្ភ អ្វីលើបញ្ហាដែលកំពុងតែជួបប្រទះនេះ ព្រោះកម្ពុជា គឺកំពុងតែមានវិធានការ ទប់ស្កាត់ហើយ ។
ជាមួយនេះលោក តាកាហាស៊ី ក៏បានគោរពជម្រាប ជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅប្រទេសជប៉ុន រួមទាំងករណីជំងឺកូវីដ១៩ នៅលើកប៉ាល់ Diamond princess ហើយលោកក៏បានជម្រាបជូនសម្ដេចផងដែរថា ប្រតិភូដែលលោកនាំមកកម្ពុជា ពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគ ដែលមានចំណាប់ អារម្មណ៍ ហើយកំពុង តែធ្វើការយ៉ាងមមាញឹក នៅក្នុងការវិនិយោគ នៅក្នុងកម្ពុជា ដែលទី១ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការ ប្រើប្រាស់សារធាតុ រកឃើញថ្មី ដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាតកាយ, ទី៣ គឺការជំរុញការវិនិយោគ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យមានភាពសកម្មឡើងថែមទៀត ៕