ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ បានអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំ បូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី៤។

នៅក្នុងពិធីបិទនេះដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សា អភិបាល អភិបារងរាជធានី ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ប្រធាន អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក សមាជិកា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

យោងតាមរបាយការណ៍សង្ខេប ស្ដីពី លទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៩.៨០៦ករណី កើនឡើងប្រមាណ២២.៥៤% ឃាត់ខ្លួនជនសង្ស័យ ចំនួន ២០.៤៩០នាក់ កើនឡើងប្រមាណ២៤,៥៤% និងចាប់យកគ្រឿងញៀន ចំនួន ៧៥០គីឡូក្រាម កើនឡើងប្រមាណ៣៩,៩៦%។

របាយការណ៍ ដដែលបន្ដថា សម្ភារចាប់យក ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលបានបញ្ជូនទៅសាលាដំបូង រាជធានី-ខេត្ត រួមមាន ៖ រថយន្ដ៧២គ្រឿង ,ម៉ូតូ២.៦៥៣គ្រឿង ,ទូរស័ព្ទ៧.០៤១គ្រឿង ,ជញ្ជីង៣៩៨គ្រឿង ,អាវុធវែង១១ដើម ,អាវុធខ្លី១១ដើម ,ប្រាក់កម្ពុជា៩៨.៦៨២.៤០០រៀល ,ប្រាក់អាមេរិក១២៨.៨២២ដុល្លារ ,ប្រាក់ថៃ៨១.៥៧០បាត ,ប្រាក់វៀតណាម១៦.៥៧៨.០០០ដុង ,បង្កកផ្ទះល្វែង១កន្លែង និងផ្ទះដីឡូត៍១កន្លែង នៅខេត្តកំពង់ស្ពឺ។

បន្ថែមពីនេះ របាយការណ៍ បន្ថែមថា ក្រុមឧក្រិដ្ឋជន នៅតែប្រើប្រាស់កម្ពុជា ធ្វើជាទីកន្លែងឆ្លងកាត់គ្រឿងញៀន ពិសេស បណ្ដាខេត្តជាប់ព្រំដែន ជាមួយប្រទេសជិតខាង ហើយបច្ចុប្បន្ន ចរន្ដហូរចូលគ្រឿងញៀនមកកម្ពុជា ក្រៅពីទិសនៅភាគឥសាន ក៏មានការហូរចូលតាមព្រំដែន កម្ពុជា-ថៃ និងមានការលួចនាំចេញ តាមច្រកព្រំដែន កម្ពុជា-វៀតណាម ជាករណីបទល្មើស គ្រឿងញៀនធំៗផងដែរ៕ ដោយ ៖ អេង ប៊ូឆេង

To Top