ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌចំការមន បានឃាត់ខ្លួន បុរសជនជាតិចិនម្នាក់ ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា ជនជាតិចិនរូបនេះ ប្រើប្រាស់កាំភ្លើងខុសច្បាប់ ការឃាត់ខ្លួននេះ បានកើតឡើង កាលវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែ មីនឆ្នាំ ២០២០នៅចំណុចអាគារព្រីម ផ្លាហ្សា តាមផ្លូវព្រះនរោត្ដម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
លោក ផន អូន អធិការរងខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យប្រើអាវុធខ្លីខុសច្បាប់ មានឈ្មោះ XIE YENG ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៧ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ មុខរបរមេការរោងចក្រផលិតស្លា គ្មានលិខិតឆ្លងដែន ។
វត្ថុតាងដកហូតមាន កាំភ្លើងខ្លី០១ ដើម ម៉ាកK54 ពណ៌ខ្មៅ បង់01 គ្រាប់04គ្រាប់ រួមនិងឧបករណ៍សំរាប់ជក់គ្រឿងញៀន មួយកំប្លេរ ។
លោកអធិការរងខណ្ឌចំការមន បានបន្តថា ក្រោយពីការចុះធ្វើការឃាត់ខ្លួន ជនសង្ស័យបាន និងសួររកអាវុធខ្លី ហើយជនសង្ស័យឆ្លើយថា មិនបានដឹងរឿងអ្វីទេ តែសាក្សីសន្តិសុខ បានប្រាប់ថា បុរសជនជាតិចិន បង្កហិង្សា និងដកអាវុធខ្លីគំរាម ទៅលើជនជាតិចិនដូចគ្នា។
ក្រោយសួរនាំ និង តាមទៅមើលកន្លែង ដែលជនជាតិចិន រត់ចូលបន្ទប់ទឹករួចជននោះទៅឆែក ទើបឃើញថង់ខ្មៅ ក្នុងនោះមានកាំភ្លើងខ្លីម៉ាកK54ចំនួន១ដើម និងឧបករណ៍សំរាប់ជក់គ្រឿងញៀន១កំប្លេរ ហើយក៏នាំខ្លួនមកសាកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕