ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា អំពាវនាវ ដល់កម្មករ និយោជិត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀស ពីការឆ្លងនៃវីរុស COVID-19

ភ្នំពេញ ៖ ប្រធានសហភាព ចលនាកម្មករកម្ពុជា (CCW) និងជាប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ (CUMW) លោក ប៉ាវ ស៊ីណា សម្ដែងក្ដីព្រួយ បារម្ភយ៉ាងខ្លាំង ស្របពេល ដែលតួលេខ នៃអ្នកឆ្លងវីរុស COVID-19 នៅប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ កើនទ្វេដងដល់២៤ករណី និងរីករាលដាល ដល់បណ្ដារាជធានី-ខេត្តចំនួន១០ ។

ដោយមើលឃើញ នូវការកើនឡើង ជាបន្តបន្ទាប់ នៃចំនួនអ្នកឆ្លង COVID-19 នៅកម្ពុជា លោក ប៉ាវ ស៊ីណា តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួនបាន អំពាវនាវ ដល់សមាជិក-សមាជិកា និងបងប្អូនកម្មករ និយោជិតទាំងអស់ សូមមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់និងអនុវត្តនូវវិធានការ ណែនាំនានា របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសពីឆ្លងនៃវីរុស COVID-19 ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ប៉ាវ ស៊ីណា បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងដួងព្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ សូមជួយបញ្ចៀសជំងឺរាតត្បាតដ៏កាចសាហាវនេះ ចៀសឆ្ងាយពីប្រជាពលរដ្ឋខ្មែរគ្រប់រូប។

គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 ចំនួន២៤ករណី នៅរាជធានី-ខេត្តចំនួន ១០ ក្នុងនោះពលរដ្ឋខ្មែរមាន១៧ករណី អង់គ្លេស២ករណី បារាំង២ករណី បែលហ្ស៊ិក១ករណី កាណាដា១ករណី និងជនជាតិចិន១ ករណីដំបូងគេ ហើយបានបញ្ជូនទៅស្រុកកំណើត បន្ទាប់ពីជាសះស្បើយ៕

To Top