បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលកន្លងមក បានជំរុញទៅអាជ្ញាធរ ខេត្តបាត់ដំបង ពិសេសមន្ត្រីនៅជិត នឹងពលរដ្ឋ ត្រូវរាយការណ៍ ពីស្ថានភាពប្រជាពលរដ្ឋ រស់នៅក្នុងផ្ទះ ដែលមានដំបូលប្រក់ស្បូវ ដើម្បីសម្ដេចផ្ដល់ ស័ង្កសីជំនួសវិញ ប៉ុន្តែបែរជាអាជ្ញាធរ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ហាក់មិនអើពើ នឹងអនុសាសន៍ សម្ដេចក្រឡាហោម ហើយទុកឲ្យពលរដ្ឋមួយគ្រួសារ រស់នៅក្នុងខ្ទមដ៏កម្សត់ ដែលមានត្រឹមដំបូលប្រក់ស្បូវ ប៉ុន្តែគ្មានសូម្បី ជញ្ជាំងបិទបាំង ។
ពលរដ្ឋដែលរស់ ក្នុងខ្ទមគ្មានជញ្ជាំង និងដំបូលប្រក់ស្បូវកំពុកនោះ មានឈ្មោះ សូ ហយ ជាស្ត្រីមេម៉ាយ (លែងលះប្ដី) អាយុ៤២ឆ្នាំ មានកូនចំនួន ៤នាក់ (ស្រីម្នាក់) គ្មានមុខរបរ រស់នៅក្នុងភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី កំពុងដង្ហើយ រកជំនួយ ពីសំណាក់សប្បុរសជនគ្រប់ទិសទី ខណៈមានភ្លៀងធ្លាក់ កក់ខែបណ្ដើរៗ កាន់តែធ្វើឲ្យពួកគាត់ ត្រូវការជម្រកមួយដ៏សមរម្យ ។
អ្នកស្រី សូ ហយ លើកឡើងថា គាត់បានលែងលះជាមួយប្ដី ជាច្រើនឆ្នាំមកហើយ ដោយប្ដីមានប្រពន្ធថ្មីផ្សេងទៀត ទុកឲ្យគាត់រស់ នៅជាមួយកូន សព្វថ្ងៃមិនមានមុខរបរ អ្វីច្បាស់លាស់នោះទេ ក្រៅតែពីដើរស៊ីឈ្នួល លាងចានតាមរោងបុណ្យ និងរោងការជាដើម ។ បច្ចុប្បន្នភាគច្រើនគាត់រស់ នៅជាមួយកូនប្រុសពៅម្នាក់ អាយុ៩ឆ្នាំ ដើរចាប់កណ្ដុរពេលយប់លក់ មួយថ្ងៃអាចបានប្រាក់ចាប់ពី ៣០០០រៀលទៅ ៤០០០រៀល ដើម្បីចិញ្ចឹមជីវិត ខណៈកូនតូចធំផ្សេងទៀត បែកចេញទៅធ្វើការកន្លែងផ្សេងៗ គ្រប់តែចិញ្ចឹមខ្លួនពួកគេ ។
ស្ត្រីដដែលបានបន្តថា គាត់គ្មានដីធ្លីស្រែចម្ការអ្វីនោះទេ សូម្បីតែខ្ទមរស់នៅរាល់ថ្ងៃនេះ គឺជារបស់អ្នកស្រុកឲ្យនៅ ហើយនៅពេលឈឺថ្កាត់ម្ដងៗ អ្នកម្ចាស់ដីជួយហៅពេទ្យចាក់ថ្នាំ ឬដាក់សេរ៉ូមឲ្យ ទៅតាមលទ្ធភាព ។
គាត់បានបន្ថែមថា “កន្លងមកគ្រួសារខ្ញុំ ពុំដែលបានទទួលអំណោយអ្វី ពីសប្បុរសជនណាម្នាក់នោះទេ មានតែការសណ្ដោសប្រណី ពីអ្នកស្រុកអ្នកភូមិជួយឲ្យអង្ករហូប ហើយខ្ញុំសូមអំពាវនាវដល់សប្បុរសជន ទាំងអស់ ជួយផ្ដល់ជាអំណោយផ្សេងៗ ដល់គ្រួសារខ្ញុំផង ព្រោះកំពុងខ្វះខាតខ្លាំងណាស់” ។
នៅក្នុងភូមិអ្នកតាទ្វារនេះ ក្រៅពីផ្ទះស្ដ្រីខាងលើ ក៏មានពលរដ្ឋធ្វើផ្ទះប្រក់ស្បូវ ជាច្រើនគ្រួសារផងដែរ ដោយពួកគាត់ពុំទាន់ ដែលមានអាជ្ញាធរមូលដ្ឋាន ចុះទៅធ្វើរបាយការណ៍ បញ្ជូនមកថ្នាក់លើប្រាប់ពីស្ថាន ភាពពួកគាត់ ដើម្បីទទួលបានអំណោយស័ង្កសី យកមកប្រក់ដំបូលប្ដូរដំបូលស្បូវសព្វថ្ងៃនេះទេ ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញចុះចែកអំណោយ ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំជ្រៃ ស្រុកថ្មគោល សម្ដេចក្រឡាហោម ស ខេង បានជំរុញទៅកាន់អាជ្ញាធរខេត្តបាត់ដំបង ពិសេសមន្ត្រីមូលដ្ឋាន ត្រូវរាយការណ៍ពីស្ថានភាពពលរដ្ឋ ដែលរស់នៅក្នុងផ្ទះមានដំបូលប្រក់ស្បូវ ដើម្បីសម្ដេចផ្ដល់ស័ង្កសីជូនពួកគាត់ ប្រក់ដំបូលផ្ទះឲ្យបានសមរម្យ និងអាចការពារភ្លៀងខ្យល់បានល្អ ៕