ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ស្នើចិន បញ្ជូនក្រុមគ្រូពេទ្យជំនាញ ផ្នែកជំងឺកូវីដ១៩ មកជួយដល់កម្ពុជា

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ តាមរយៈលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានស្នើដល់រដ្ឋាភិបាលចិន ឲ្យបញ្ជូនក្រុមគ្រូពេទ្យជំនាញ ដែលមានបទពិសោធន៍ ព្យាបាលជំងឺកូវីដ១៩ ឲ្យមកត្រៀមខ្លួន ដើម្បីជួយដល់កម្ពុជា បន្ថែមទៀត ក្រៅពីការផ្ដល់សម្ភារៈ បរិក្ខាពេទ្យនោះ ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ ចិនបានផ្ដល់ជាសម្ភារបរិក្ខា ពេទ្យមួយចំនួន ក៏ដូចជាថ្នាំវ៉ាក់សាំងនានា ដើម្បីការពារជំងឺកូវីដ១៩មកដល់ប្រទេសកម្ពុជាផងដែរ។

យោងតាមលិខិត ស្នើសុំរបស់គណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ផ្ញើជូនលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា កាលពីពេលថ្មីៗមួយរយៈចុងក្រោយនេះ ពោលគឺការផ្ទុកឡើងនូវកូវីដ១៩ ដែលមានប្រភពដើមមកពីទីក្រុង វូហាន ប្រទេសចិន ហើយគិតមកត្រឹមថ្ងៃទី១៨ ខែមីនាឆ្នាំ២០២០នេះ គឺមានបណ្ដាប្រទេសប្រមាណជាង១៦២ប្រទេសលើសកលលោក ដែលបានឆ្លងរីករាលដាលនៃកូវីដ១៩នេះ ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដែលបានឆ្លងមកលើមនុស្សចំនួន៣៧នាក់ផងដែរ។

លិខិតបន្ថែមថា “តបតាមកម្មវត្ថុ ដែលបានរៀបរាប់ខាងលើ ក្នុងគោលបំណង ដើម្បីបញ្ជៀសបង្ការ ពិសេសលើការធានា ព្យាបាលឲ្យមានប្រសិទ្ធភាព ខ្ពស់ចំពោះអ្នកជំងឺផ្ទុកកូវីដ១៩ នៅប្រទេសកម្ពុជាផងដែរនោះ ប្រតិភូគណបក្សយុវជនកម្ពុជា ដែលមានឯកឧត្តមពេជ្រ ស្រស់ ជាប្រធាន និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ ស្នើ ឯកឧត្តម ជួយបញ្ជូនគ្រូពេទ្យជំនាញ ដែលមានបទពិសោធន៍ ព្យាបាលនូវជំងឺកូវីដ១៩ ដល់កម្ពុជាផង ក្រៅពីផ្ដល់សម្ភារៈ បរិក្ខាពេទ្យ ដើម្បីធានាបានអាយុជីវិត អ្នកដែលបានឆ្លងកូវីដ១៩ ដែលកំពុងតែរីករាលដាល យ៉ាងលឿននៅក្នុងប្រទេសកម្ពុជា”។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកផ្ទុកកូវីដ ១៩ ចំនួន៣៧ហើយ ដែលសុទ្ធតែជាករណីនាំចូលពីបរទេស៕ដោយ៖ធី លីថូ

To Top