ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយ ឥតសំណង ជិត៤០ម៉ឺនដុល្លារ ដល់គម្រោង៤ នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកា ចំនួន៣៩៨,១១៣ដុល្លារ ដល់អង្គភាពចំនួន៤ នៅកម្ពុជា ក្រោមគ្រោង ការជំនួសឧបត្ថម្ភឥតសំណង សម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ ។

គម្រោងទាំង៤នៅកម្ពុជា រួមមាន ៖ទី១-គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹក ក្នុងភូមិរាំងខ្វាវ ខេត្តពោធិ៍សាត់ ថវិកា១០៣,៨៨៥ដុល្លារ ,ទី២-គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាក្រូច ក្នុងស្រុកអូរជុំ ខេត្តរតគិរី ថវិកា៩០,១២៨ដុល្លារ ,ទី៣-គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាបុកទឹក ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ថវិកា៩៨,១០០ដុល្លារ និងទី៤-គម្រោងសាងសង់ អគារសិក្សា នៅសាលាបឋមសិក្សាមេម៉ង់ ថវិកា១០៦,០០០ដុល្លារ ។

ក្នុងពិធីចុះហត្ថលេខា ផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា «យើងមានសេចក្ដី សោមនស្សរីករាយ ដែលគម្រោងទាំងនេះ បានចូលរួមចំណែក ដោយផ្ទាល់ ក្នុងការលើកកម្ពស់ គុណភាព នៃជីវភាពនៅកម្រិតមូលដ្ឋាន ក្នុងប្រទេសកម្ពុជា» ។

បន្ថែមពីនេះ ទូតជប៉ុន ប្រចាំកម្ពុជា សង្កេតឃើញថា នាពេលថ្មីៗនេះ កម្ពុជាបាននិងកំពុងមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស ។ ទោះបីជាយ៉ាងណាក៏ដោយ ទូតជប៉ុន ទទួលស្គាល់ថា នៅកម្ពុជាមានបញ្ហា ប្រឈមមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវភាព របស់ប្រជាជន ហើយប្រទេសជប៉ុន នឹងបន្ដចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហា ប្រឈមទាំងនោះ តាមរយៈក្របខណ្ឌសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ ។

សូមរំលឹកថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តកម្មវិធី KUSANONE នៅកម្ពុជា ចាប់ពីតាំងពីឆ្នាំ១៩៩១ ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ KUSANONE មានន័យថា «មូលដ្ឋាន» ក្នុងភាសាជប៉ុន ហើយរហូតដល់ពេលនេះ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានផ្ដល់ជំនួនច្រើនជាង ៦០០គម្រោង តាមរយៈជំនួយ KUSANONE ៕ ដោយ ៖ អេង ប៊ូឆេង

To Top