ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអភិបាល ខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវផ្អាកជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរ ចេញ-ចូល នៅតាមព្រំដែន រវាងប្រជាជនកម្ពុជា-វៀតណាម ដើម្បីបញ្ចៀសនូវការ រីករាលដាលនៃ ជំងឺកូវីដ-១៩។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយសារការរកឃើញ ករណីវីរុសកូវីដ-១៩ មានការកើនឡើងយ៉ាងគំហុក និងខណៈដែលរដ្ឋាភិបាលវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរ ដោយតម្រូវឲ្យមានការដាក់ ឲ្យនៅដាច់ដោយឡែកពីគេ រយៈពេល ១៤ថ្ងៃ ចំពោះអ្នកដំណើរពីប្រទេសអាស៊ាន រួមទាំងជនជាតិវៀតណាម ដែលវិលត្រឡប់ ចូលប្រទេសកម្ពុជាផងនោះ ក្រសួងមហាផ្ទៃ ធ្វើការណែនាំ ដូចខាងក្រោម ៖
ទី១-ការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរ ចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ២៣៖៥៩ នាទីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះ មានគោលបំណងបញ្ចៀស នូវការរីករាលដាលនៃជំងឺកូវីដ-១៩។
ទី២- វិធានការខាងលើនេះ មិនត្រូវបានអនុវត្ត ចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។
ទី៣- អាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយសាធារណរដ្ឋ សង្គមនិយមវៀតណាម ត្រូវធ្វើការសម្របសម្រួល ជាមួយភាគីវៀតណាម ដើម្បីជួយសម្រួល ដល់ការធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជាវិញ នូវពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងត្រូវបានដាក់ឲ្យនៅដាច់ ពីគេក្នុងប្រទេសវៀតណាម ប្រសិនបើមាន។
និងទី៤-អភិបាលខេត្តជាប់ព្រំដែន ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម និងកម្លាំងមានសមត្ថកិច្ច តាមច្រកទ្វារព្រំដែនទាំងអស់ ត្រូវសហការសម្របសម្រួល ជាមួយភាគីវៀតណាម ដើម្បីធានាថា ការដឹកទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះការ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង លើកឡើងទៀតថា អាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយសាធារណរដ្ឋ សង្គមនិយមវៀតណាម ត្រូវធ្វើការជម្រាបជូន ភាគីវៀតណាម អំពីវិធានការខាងលើនេះ និងស្នើសុំការយោគយល់ ហើយត្រូវបន្តពង្រឹង កិច្ចសហប្រតិបត្តិការ និងការប្រឹងប្រែងរួមគ្នា ក្នុងការបញ្ឈប់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នេះ៕ ដោយ ៖ អេង ប៊ូឆេង