ភ្នំពេញ ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក និងស្របតាមស្មារតី នៃសារាចរណែនាំ របស់រាជរដ្ឋាភិបាល សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់គ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នូវវិធានការបន្ទាន់៩ ចំណុចសម្រាប់បង្ការ និងទប់ស្កាត់ជំងឺនេះ ។
វិធានការបន្ទាន់ទាំង៩ចំណុចនោះរួមមានដូចខាង៖
១.ត្រូវស្វាគមន៍ ដោយការគោរព ឬលើកដៃសំពះតាមទំនៀមទម្លាប់ ចៀសវាងការចាប់ដៃ។
២.ត្រូវលាងសម្អាត និងទឹក ឬអាល់កុលលាងដៃឲ្យបានញឹកញាប់ មុនពេលបរិភោគអាហារ មុនយកដៃទៅប៉ះពាល់ ឬបន្ទាប់ពីចូលបន្ទប់ទឹករួច។
៣.រៀបចំឲ្យមានកំប៉ុងអាល់កុល ឬសាប៊ូសម្រាប់លាងដៃនៅគ្រប់អង្គភាព និងអនាម័យជាប្រចាំ តាមបន្ទប់ សាលប្រជុំ ដោយប្រើថ្នាំសម្លាប់មេរោគ ឬសាប៊ូឲ្យបានត្រឹមត្រូវ និងញឹកញាប់។
៤.បើមានរោគសញ្ញាណាមួយដូចជា៖ គ្រុនក្តៅ ហៀរសំបោរឈឺបំពង់ ក្អក កណ្តាស់ ពិបាកដកដង្ហើម ត្រូវទៅពិនិត្យព្យាបាលជំងឺនៅបណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត។
៥.នៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះ ដោយប្រើ ក្រមា កែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមឲ្យ បានត្រឹមត្រូវ បន្ទាប់មកត្រូវលាងដៃសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល។
៦.ពេលប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមត្រូវរក្សាចង្ងាយសុវត្ថិភាពលើសពី ១,៥ ម៉ែត្រ និងតម្រូវឲ្យគាត់ពាក់ម៉ាស់។
៧.ចំពោះមន្ត្រីទើបត្រលប់មកពីបណ្តាប្រទេស ដែលកំពុងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែករយៈ ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ។
៨.រាល់បេសកកម្មក្រៅប្រទេស ត្រូវផ្អាកមួយរយៈពេល ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងមានការយល់ព្រមពីក្រសួង។
៩.អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពមន្ត្រីរបស់ខ្លួន៕