ភ្នំពេញ៖ ក្រោយមានការបកស្រាយបំភ្លឺ របស់ម្ចាស់គណនី អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានសម្រេច ដកគណនីហ្វេសប៊ុកឈ្មោះ “សេដា សម័យតេជោ ខេត្តស្វាយរៀង” ចេញពីបញ្ជីគណនី ផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងវីរុស កូវីដ-១៩ ក្នុងចំណោមបញ្ជីឈ្មោះ គណនីហ្វេសប៊ុក ទាំង២៥ និងផេក២២ វិញ ។
សេចក្តីកែតម្រូវ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រោយពីមានការចេញលិខិត បកស្រាយបំភ្លឺ ដោយសមីខ្លួន ម្ចាស់គណនីផ្ទាល់ថា” ពុំដែលបង្ហោះព័ត៌មាន ដែលមានលក្ខណៈញុះញង់ អុជអាលរើសអើង បំពុលសង្គម ដូចដែលអគ្គនាយកដ្ឋានព័ត៌មាន បានចោទប្រកាន់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នោះឡើយ” ។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានចេញសេចក្តីប្រកាសព័ត៌មាន លេខ០០៧ ព.ស ស្តីពីការផ្សព្វផ្សយ ព័ត៌មានមិនពិត តាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយ អំពីការឆ្លងជំងឺកូវីដ-១៩ ដោយបានបង្ហាញ ជូនសាធារណជន នូវគណនីហ្វេសប៊ុក (Facebook Account) ចំនួន២៥ និងទំព័រហ្វេសប៊ុក (Facebook Page) ចំនួន២២ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត៕