ភ្នំពេញ៖ កម្ពុជា និងវៀតណាម កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំទ្វេភាគី ស្ដីពីការរកដំណោះស្រាយ បញ្ហាកកស្ទះទំនិញនាំចេញ នាំចូល រវាងប្រទេសទាំង២ ដោយក្នុងកិច្ចប្រជុំនោះភាគីទាំងពីរ បានសម្រេចឯកភាពគ្នា លើចំណុចសំខាន់ចំនួន ៤ ដើម្បីងាយស្រួលក្នុងការដោះដូរ ទំនិញទៅវិញទៅមក ។
កិច្ចប្រជុំទ្វេភាគីនេះ ធ្វើឡើងដោយភាគីកម្ពុជា ដឹកនាំដោយលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដោយសមត្ថកិច្ច ពាក់ព័ន្ធ នៃច្រកទ្វារព្រំដែន អន្តរជាតិបាវិត រួមជាមួយសមាគមភ្នាក់ងារ បញ្ជូនទំនិញកម្ពុជា និងភាគីវៀតណាម ដឹកនាំដោយលោកអភិបាលរង ខេត្តតៃនិញ អមដោយលោក អនុប្រធាននាយកដ្ឋានគយ ខេត្តតៃនិញ និងសមត្ថកិច្ច ពាក់ព័ន្ធនៃ ច្រកទ្វារព្រំដែន អន្តរជាតិម៉ុកបៃ។
![](https://dap-news.com/wp-content/uploads/2020/03/227-2-1024x576.jpg)
ចំណុចសំខាន់ៗ ដែលភាគីកម្ពុជា-វៀតណាម បានឯកភាពសម្រេចអនុវត្ត ដំណោះស្រាយចំពោះមុខរួមមាន៖
១.អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ ។
២.អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។
៣.អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតឺន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។
៤.អនុញ្ញាតឱ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញ ដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឱ្យ អ្នកបើកបរត្រូវស្លៀកពាក់ សម្លៀកបំពាក់ សុវត្ថិភាពការពារ Virus ដែលអនុញ្ញាត ដោយចត្តាឡីស័ក និង សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថា អ្នកបើកបរមិនបាន ទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យ ទាក់ទងជាមួយអ្នកផ្សេង ។
យោងតាមស្មារតីនៃអង្គប្រជុំ ភាគីទាំងពីរបានឯកភាព ផ្សព្វផ្សាយ នូវដំណោះស្រាយទាំងនេះ ទៅដល់ធុរជនដែលមានការពាក់ព័ន្ធ ដល់ការដឹកជញ្ជូនទំនិញ ហើយធុរជនអាចជ្រើសយក ជម្រើសមួយណាក៏បាន ដែលល្អសម្រាប់ពួកគាត់ ដោយអនុវត្តតាម វិធានការពារ ដែលណែនាំដោយចត្តាឡីស័ក ។
![](https://dap-news.com/wp-content/uploads/2020/03/224-3-1024x767.jpg)
ដើម្បីដោះស្រាយ ការកកស្ទះនៅព្រំដែន ភាគីទាំងពីរបានសម្រេច អនុញ្ញាតឲ្យអនុវត្តភ្លាម ហើយសម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ គឺសមត្ថកិច្ចពាក់ព័ន្ធទាំងសងខាង ឯកភាពសម្រួល អនុញ្ញាតឱ្យ ធ្វើប្រតិបត្តិការរហូតដល់ម៉ោង ១០យប់។ ដំណោះស្រាយទាំង ៤ជម្រើសនេះ នឹងត្រូវបានយកមកអនុវត្ត ចំពោះគ្រប់មាត់ច្រកដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញ របស់ប្រទេសវៀតណាម និងបានឯកភាពគ្នាបន្ត កិច្ចសហការដោះស្រាយ នូវបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមានជាយថាហេតុ ។
សូមរំលឹកថា ក្រោយពីវៀតណាម សម្រេចបិទព្រំដែនជាមួយកម្ពុជាកាលពីថ្ងៃទី១៨មីនា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ភ្លាមៗសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសប្រកាសបិទព្រំដែន មិនអនុញ្ញាតពលរដ្ឋវៀតណាម ចូលមកកម្ពុជា ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២០ ខែមីនាតទៅ រហូតដល់វៀតណាមបើក ច្រកព្រំដែនជាមួយកម្ពុជាឡើងវិញផងដែរ ៕
ដោយ៖ ខា ដា
![](https://dap-news.com/wp-content/uploads/2020/03/225-1-1024x767.jpg)
![](https://dap-news.com/wp-content/uploads/2020/03/226-3-1024x767.jpg)
![](https://dap-news.com/wp-content/uploads/2020/03/228-1-1024x498.jpg)
![](https://dap-news.com/wp-content/uploads/2020/03/223-3-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)