ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើស បំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ ក្នុងឱកាស នៃដំណើរទស្សនកិច្ច នៅកងឯក ភាពហ្វឹកហ្វឺន កងពលធំអន្តរាគមន៍លេខ២ នៅខេត្តសៀមរាប និងនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ និងខេត្តបាត់ដំបង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក សូមកោតសរសើរ សិក្ខាកាមពលទាហានថ្មី ដែលបានខិតខំហ្វឹកហ្វឺន ហើយតស៊ូលត់ដំ មកដល់ពេលនេះ បន្ទាប់ពីការផ្ទេរជីវភាព ពីជនស៊ីវិល ចូលមករស់នៅក្នុងជីវិត ជាកងទ័ព ។ នេះក៏ដោយសារយើងម្នាក់ៗ មានឆន្ទៈស្ម័គ្រចិត្តមោះមុត បូកផ្សំនឹងការ លើកទឹកចិត្ត របស់ក្រុមគ្រួសារញាតិមិត្ត ហើយក៏បញ្ជាក់ បានអំពីការយល់ដឹងអំពីតម្លៃ នៃឱកាសដែលទទួលបាន ក៏ដូចជាភាពជោគជ័យ ទៅមុខមួយជំហានទៀត ដែលជាមោទនភាព របស់ឳពុកម្តាយ ព្រោះថាជាឱកាស ដែលបានមកដោយមិនងាយស្រួលឡើយ គឺត្រូវឆ្លងកាត់ការជ្រើសរើសសំរិត សម្រាំងវាយតម្លៃ របស់គណៈកម្មការ ដោយផ្អែកលើលក្ខណៈសម្បត្តិជាច្រើន។
លោកមេទ័ពជើងគោក លើកឡើងទៀតថា ប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំកងទ័ពជើងគោក តែងបានយកចិត្តទុកដាក់ លើការងារហ្វឹកហ្វឺនកងទ័ព ដោយពីមួយជំនាន់ទៅមួយជំនាន់ តែងបានខិតខំពង្រឹងការងារធានា ផ្គត់ផ្គង់ឱ្យបានកាន់តែល្អប្រសើរ ហើយចំពោះមុខនេះ កំពុងជំរុញធ្វើយ៉ាងណា ឱ្យពលទាហានថ្មី ដែលមានស្មារតី និងឆន្ទៈនៅក្នុងការបម្រើជាតិមាតុភូមិ ទទួលបាននូវការហ្វឹកហ្វឺន បំពាក់បំប៉នជំនាញគ្រប់គ្រាន់ និងការផ្គត់ផ្គង់ធានាគ្រប់គ្រាន់។ ដូច្នេះ សូមពលទាហានថ្មី ទាំងអស់ត្រូវ ខិតខំបង្កើនស្មារតី តស៊ូហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងទឹកចិត្តឱ្យកាន់តែរឹងមាំ ឱ្យស័ក្តិសមនឹងការបង្ក លក្ខណៈលើកទឹកចិត្តឧបត្ថម្ភ ទំនុកបម្រុងរបស់ថ្នាក់ដឹកនាំ ។
លោកឧត្តមសេនីយ៍ បានចាត់ទុកពលទាហានថ្មី ជាបច្ចុប្បន្ននៃកងទ័ព ហើយក៏ជាអនាគតនៃកងទ័ព ។ ដូច្នេះ វគ្គហ្វឹកហ្វឺនរយៈពេល ០៣ ខែនេះ ទោះបីមានរយៈពេលខ្លី ប៉ុន្តែគឺជាវគ្គមូលដ្ឋាននៃការលត់ដំកាយសម្បទា និងការពង្រឹងស្មារតីតស៊ូអំណត់ព្យាយាម ព្រោះយើងម្នាក់ៗ មានលទ្ធភាពបំពេញការងារច្រើនគ្រប់ជំពូក ប៉ុន្តែត្រូវមានកត្តាជំរុញពីខាងក្រៅ ដើម្បីបង្កើតទម្លាប់បំបាត់ ការសង្ស័យខ្លួនឯង, ធ្វើឱ្យចិត្តក្លាហានជឿទុកចិត្តខ្លួនឯង និងជឿថាយើងធ្វើបាន ក៏ដូចជារបៀបរបបបំពេញ ការងាររបស់កងទ័ព ដែលតម្រូវឱ្យចេះធ្វើការ រួមគ្នាជាសមូហភាព, សហការគ្នា, បង្កើតមិត្តភាព សាមគ្គីភាព, ចេះជួយយកអាសារគ្នា, ចេះទទួលខុសត្រូវ ទាំងជាលក្ខណៈបុគ្គល និងជាក្រុម, ម្ចាស់ការគោរពច្បាប់ វិន័យក្រឹត្យក្រម, មានឋានានុក្រមការងារច្បាស់លាស់ បូកជាមួយនឹងចំណេះដឹងផ្នែកយុទ្ធវិធី ដើម្បីបម្រើតម្រូវការផ្នែកសមត្ថភាព របស់ពលទាហានថ្មីនៅក្នុងការបំពេញការងារក្នុងគ្រប់កាលៈទេសៈ ឈានទៅសម្រេចភារកិច្ចរួម។
មិនតែប៉ុណ្ណោះ លោក សូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ លើគ្រប់ភារកិច្ចដែលត្រូវបំពេញក្នុងរយៈពេលហ្វឹកហ្វឺននេះ ដើម្បីទទួលបានជោគជ័យរបស់ម្នាក់ៗ និងរបស់វគ្គហ្វឹកហ្វឺនទាំងមូល ដោយត្រូវគោរពវិន័យ ឱ្យបានម៉ឺងម៉ាត់ ទាំងវិន័យសាលា, វិន័យប្រចាំវគ្គ និងដំបូន្មានរបស់យោធារ្យ ជាពិសេសការណែនាំអំពីបទដ្ឋានផ្សេងៗនៅទីលើលាន និងសម្រាប់ការហាត់ កាយសម្បទា ដើម្បីធានាសុវត្ថិភាព ហើយក៏ត្រូវយកឱកាសបង្កើតចំណងមិត្តភាព, សាមគ្គីភាព និងអនុស្សាវរីយ៍ឱ្យបានរឹងមាំយូរអង្វែង ក្នុងនាមជាកងទ័ពតែមួយ នៅក្រោយពេលបញ្ចប់វគ្គ ហើយទទួលបានការចាត់តាំងទៅបម្រើការងារនៅតាមបណ្តាអង្គភាព។
លោកឧត្តមសេនីយ៍ ក៏មិនភ្លេចអរគុណថ្នាក់ដឹកនាំកងពលធំអន្តរាគមន៍លេខ២, ថ្នាក់ដឹកនាំយោធភូមិភាគទី៥, ថ្នាក់ដឹកនាំសាលាពលទាហានទី៥, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ ដែលបានយកចិត្តទុក ដាក់ដឹកនាំរៀបចំ ដំណើរការវគ្គហ្វឹកហ្វឺននេះ និងសូមជូនពរឱ្យបញ្ចប់ដោយសុវត្ថិភាព, ប្រសិទ្ធភាព និងទទួលបាននូវមូលដ្ឋាន រឹងមាំសម្រាប់ ពលទាហានថ្មីទៅបំពេញ ភារកិច្ចក្នុងជួរកងយោធពលខេរមភូមិន្ទយើង ៕