ព័ត៌មានជាតិ

ព្រឹទ្ធសភានឹងអនុញ្ញាត ឲ្យមន្រ្តីធ្វើការងារ តាមប្រព័ន្ធអនឡាញ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩

ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង បានអះអាងថាព្រឹទ្ធស ភានឹងដាក់ដំណើរការធ្វើការងារ របស់មន្ត្រីមួយចំនួន តាមបណ្តាញអនឡាញ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

ផ្តល់បទសម្ភាសន៍ ជាក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងយ៉ាងដូច្នេះថា៖ «ដោយសារការយកចិត្តទុក ដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ខិតខំបញ្ចេញព័ត៌មាន ផ្សព្វផ្សាយ ដើម្បី ទប់ស្កាត់ជំងឺកូវីដ១៩ តាមប្រព័ន្ធអនឡាញ ក៏ដូចជាទូរទស្សន៍នោះ ព្រឹទ្ធសភាយើងនឹង រៀប ចំប្រព័ន្ធអនឡាញ ដើម្បីការទាប់ស្កាត់ជំងឺកូវីដ១៩នេះ ដោយឲ្យមន្ត្រី មួយចំនួនធ្វើការ តាម អនឡាញ»។

អ្នកនាំពាក្យបានបន្តថា ការធ្វើបែបនេះ ដើម្បីការងារសុវត្ថិភាពដល់មន្ត្រីព្រឹទ្ធសភា ក៏ដូចជាសមាជិកសមាជិកព្រឹទ្ធសភា នោះសម្ដេចសាយ ឈុំប្រធាន ព្រឹទ្ធសភា បានស្នើឲ្យអគ្គលេខាធិការព្រឹទ្ធសភា រៀបចំប្រព័ន្ធអនឡាញ ទូរស័ព្ទ ភ្លាមៗឲ្យមន្ត្រី ធ្វើការ។ ជាងនេះនៅតាមនាយកដ្ឋាន អគ្គនាយក លេខាធិការដ្ឋានត្រូវអនាម័យ ជានិច្ចមុនចូលធ្វើការ ឬប្រជុំ ដោយត្រូវពិនិត្យកំដៅ លាងដៃនិងសាប៊ូ ឬអាល់កុល ។

លោកក៏បានលើកឡើងថា បើសិនមានមន្ត្រីណាម្នាក់ មានសុខភាពមិនល្អ នោះខាងព្រឹទ្ធ សភានឹងធ្វើការទាក់ទង បញ្ជូនទៅឲ្យគ្រូពេទ្យ ពិនិត្យព្យាបាលភ្លាមៗ។ រហូតមកដល់ពេលនៅក្នុង ព្រឹទ្ធសភាមិនទាន់មានអ្នកណាមួយ មានកំដៅលើស តាមការកំណត់នោះទេ។

ក្នុងឱកាសនោះដែរ លោកម៉ម ប៊ុននាង ក៏បានឲ្យដឹងថា ព្រឹទ្ធសភា នឹងបើកសម័យប្រជុំវិសាមញ្ញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០២ ក្រោមអធិបតីភាព សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៦ដូចជា៖
១-ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
២-ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីពីរ ស្តីពី វិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគ ទូលំទូលាយអាស៊ាន។
៣-ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីបី ស្តីពី វិសោធនកម្ម កិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន។
៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន ។
៥-ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ។
៦-ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម៕ ដោយ៖ ស សំណាង

To Top