ព័ត៌មានជាតិ

មេបញ្ជាការកងទ័ព ជើងគោកកម្ពុជា យកចិត្តទុកដាក់ ចំពោះការងារហ្វឹកហ្វឺន ជីវភាពរស់នៅ ប្រចាំថ្ងៃ របស់កងទ័ព និងការកសាង អង្គភាពកងទ័ព

ភ្នំពេញ ៖ គ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខាការិយាល័យ សម្ភារៈសំណង់ផ្សេងៗ ជាច្រើនទៀត ត្រូវបានក្រុមការងារ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោកបាននាំយកប្រគល់ ជូនអង្គភាពទ័ពចំនួន ៤នៅក្នុងសប្តាហ៍នេះ។

អំណោយដ៏ថ្លៃថ្លា របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលបានផ្ដល់ជូនអង្គភាពទ័ពចំនួន៤ នោះរួមមាន ÷ ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរនូវ គោយន្ដ ៥គ្រឿង ម៉ាស៊ីនភ្លើង ២គ្រឿង ធុងទឹក ចំណុះ៥០០០លីត្រ ៦ធុង ស៊ីម៉ង់ត៍៤០តោន ។ ជូនកងពលតូចថ្មើរជើងលេខ៥១ នូវសង្ក័សី ចំនួន ៥០០០ សន្លឹកកំព្យួរទ័រ ចំនួន១ ឈុត ធុងទឹក ចំណុះ២០០០០លីត្រ ៣ធុង ដែកគោល ចំនួន ៥០ គីឡូក្រាម ។ ជូនកងពលធំអន្តរាគមន៍លេខ១ វិទ្យុសម្រាប់ដាក់តាមរថយន្ត ចំនួន២គ្រឿង និងជូនកងពលធំអន្តរាគមន៍លេខ២ នូវស៊ីម៉ងត៍៥០ តោន ស័ង្កសី ៤០០០ សន្លឹក និង GPS៨ គ្រឿង ។

មេបញ្ជាការ តាមអង្គភាពនិមួយៗ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលបានឧបត្ថម្ភជាថវិកា គ្រឿងឧបភោគ បរិភោគ សម្ភារៈបរិក្ខារការិយាល័យ សម្ភារៈសំណង់ផ្សេងៗ ជាច្រើនទៀត ជូនដល់កងទ័ព និងអង្គភាពនាពេលកន្លងមក ។ ជាក់ស្ដែង ការឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ថវិកា សម្ភារ:ដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ ពិតជាបានបង្ហាញ នៅការគិតគូពីសុខទុក្ខកងទ័ព ក៏ដូចជាការទំនុកបម្រុងគ្រួសារទ័ព ការងារកសាងអង្គភាព និងកិច្ចការងារផ្សេងៗ ដែលសកម្មភាពទាំងនេះ បានធ្វើអោយកងទ័ពទាំងអស់ មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈរជើង ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពារដាច់ខាត មិនអោយមានបដិវត្តព័ណ ដែលក្រុមប្រឆាំងក្រៅច្បាប់ ប៉ុនប៉ងបំផ្លាញសន្តិភាព ដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះ បានឡើយ។

សូមបញ្ជាក់ថា អំណោយជាគ្រឿង ឧបភោគបរិភោគ សម្ភារការិយាល័យ និងសម្ភារសំណង់ខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនកងទ័ព និងអង្គភាពកងទ័ព ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ឯក បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់ពលទាហាន ដែលទើបជ្រើសរើសឲ្យចូលក្របខ័ណ្ឌកងទ័ពថ្មី នៅតាមសាលាពលទាហានផ្សេងៗ ៕

To Top