ភ្នំពេញ ៖ ធនាគាពិភពលោក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានអនុម័ត ផ្ដល់ជំនួយឥតសំណង ចំនួន២កញ្ចប់ បំពេញបន្ថែមទៀត នូវទំហំងទឹកប្រាក់១,៧២លានដុល្លារ សម្រាប់គាំទ្រ ដល់គណនេយ្យភាពសង្គម នៅតាមផ្នែកសេវាសាធារណៈ សំខាន់ៗ ដូចជា មណ្ឌលសុខភាព សាលាបឋមសិក្សា និងរដ្ឋបាលមូលដ្ឋាន ក្នុងខេត្តចំនួន១០ នៅកម្ពុជា ។
គម្រោងនានានៅក្រោមភាពជាដៃគូនេះ មានវិសាលភាពគ្របដណ្តប់ លើអ្នកផ្តល់សេវាសាធារណៈ ដែលរួមមាន សាលារៀន និងមណ្ឌលសុខភាព ឃុំ-សង្កាត់-ស្រុក និងរដ្ឋបាលក្រុង នៅក្នុងខេត្តចំនួន១០ខេត្ត មាន ៖ទី១-បន្ទាយមានជ័យ ,ទី២- សៀមរាប ,ទី៣-ព្រះវិហារ ,ទី៤-កំពង់ធំ ,ទី៥-កំពង់ឆ្នាំង ,ទី៦-កណ្តាល ,ទី៧-ព្រៃវែង ,ទី៨-ស្វាយរៀង ,ទី៩-កែប និងទី១០-ព្រះសីហនុ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគាពិភពលោក នៅថ្ងៃទី២០ មីនា បានឲ្យដឹងថា ការកែលម្អឲ្យប្រសើរឡើង នូវលទ្ធភាពទទួល សេវាសាធារណៈនានា នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គុណភាពសេវានេះនៅតែជាបញ្ហាប្រឈមមួយនៅឡើយ។ការផ្តល់មតិដោយផ្ទាល់ពីសំណាក់អ្នកប្រើប្រាស់ ដែលបានជ្រាបអំពីសេវាទាំងនេះ ជាពិសេស ពីសំណាក់ពលរដ្ឋទូទៅតែម្តង គឺជាកត្តាសំខាន់មួយជំរុញឲ្យសេវាសាធារណៈនានា ទទួលបានការកែលម្អគុណភាពកាន់តែប្រសើរឡើង នៅជុំវិញពិភពលោក ។
ធនាគាពិភពលោក បន្ដថា កញ្ចប់ជំនួយឥតសំណង លើកទី១ មានទឹកប្រាក់ ៥,៩៥លានដុល្លារ ត្រូវបានអនុម័តផ្តល់ទៅឲ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) សម្រាប់ធ្វើសកម្មភាពនានា ពាក់ព័ន្ធផ្នែកគណនេយ្យភាពសង្គម រួមមាន ការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍ សម្រាប់ជួយជំរាបជូនប្រជាពលរដ្ឋ អំពីសេវានានា ដែលពួកគាត់មានសិទ្ធិទទួលបាន និងអំពីការប្រើប្រាស់មូលនិធិសាធារណៈ។
ធនាគាពិភពលោក បន្ថែមថា កញ្ចប់ជំនួយ ឥតសំណង លើកទី២ មានទឹកប្រាក់ ១,៧២លានដុល្លារ ត្រូវបានផ្តល់ជូនលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ សម្រាប់ជួយពង្រឹងសមត្ថភាព របស់អ្នកផ្តល់សេវា រដ្ឋាភិបាល នៅក្នុងការជូនព័ត៌មាន ដល់សាធារណជន អំពី ការបំពេញមុខងារ និងការប្រើប្រាស់មូលនិធិដោយគណៈកម្មាធិការនេះ និងក្នុងការឆ្លើយតបឲ្យបានកាន់តែល្អឡើង ទៅនឹងមតិយោបល់របស់ពលរដ្ឋ ។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងប្រចាំប្រទេស របស់ធនាគារពិភពលោក មានប្រសាសន៍ថា «ធនាគារពិភពលោក បានចាត់ទុកក្របខណ្ឌគណនេយ្យភាព សង្គមរបស់រដ្ឋាភិបាលថា ជាកិច្ចខិតខំទូទៅដ៏សំខាន់មួយ សម្រាប់បំពេញទៅលើការវិនិយោគ ក្នុងវិស័យ អប់រំ សុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត និងសេវាដទៃទៀ ត តាមរយៈអភិក្រមជាលក្ខណៈប្រព័ន្ធ និងប្រកបដោយចីរភាព ដើម្បីប្រមែប្រមូលពលរដ្ឋ ឲ្យចូលរួមពាក់ព័ន្ធ និងពង្រឹងសមត្ថភាពរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ សំដៅធ្វើយ៉ាងណាតម្រូវឲ្យអ្នកផ្តល់សេវាមានគណនេយ្យភាព នៅក្នុងការបំពេញមុខងាររបស់ខ្លួន»។
ចំណែកលោក ង៉ាន់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជាប្រធាននៃលេខាធិការដ្ឋានរបស់ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានថ្លែងថា «រាជរដ្ឋាភិបាល មានការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងមុតមាំ ក្នុងការអនុវត្តក្របខណ្ឌគណនេយ្យភាព ISAF នេះដើម្បីពង្រឹងសិទ្ធិអំណាច ដល់ពលរដ្ឋ ពង្រឹងភាពជាដៃគូ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងពលរដ្ឋ និងពង្រីកគណនេយ្យភាព របស់រដ្ឋបាលថ្នាក់ក្រោម ទាំងនោះឲ្យកែលម្អការផ្តល់សេវាសាធារណៈ បានកាន់តែមានប្រសិទ្ធភាព»។
ដោយឡែកលោក ដានីញែល សែលវ៉ាណាយ៉ាហ្កាមនាយកអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានឲ្យដឹងថា «ផ្អែកលើបទពិសោធន៍ និងសមិទ្ធផលដែលយើងសម្រេច បានក្នុងប៉ុន្មានឆ្នាំមកនេះ ខ្ញុំជឿជាក់ថា ជំនួយថ្មីនេះនឹងកាន់តែពង្រឹងបានថែមទៀត នូវការឆ្លើយតប របស់សេវាសាធារណៈ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់សេវា»។
លោកបន្ដថា ក្នុងក្របខណ្ឌគណនេយ្យភាពសង្គមនេះ គឺជាយុគសម័យថ្មីមួយ នៃការផ្តល់សេវាសាធារណៈជាមួយ នូវការលើកកម្ពស់ឲ្យមានកិច្ចសន្ទនា បែបស្ថាបនានៅតាមថ្នាក់មូលដ្ឋាន ដើម្បីធ្វើឲ្យមានការប្រែប្រួលយូរអង្វែង នៅក្នុងការផ្តល់សេវាសាធារណៈ ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ។
សូមរំលឹកថា ជំនួយឥតសំណងទាំង ២ កញ្ចប់នេះ មានគោលបំណងទ្រទ្រង់ ដល់ការអនុវត្តដំណាក់កាលទី២ នៃគម្រោងក្របខណ្ឌ គណនេយ្យភាពសង្គម ដែលមានអាយុ កាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ។ ក្របខណ្ឌនេះគឺជាផ្នែកស្នូលមួយ ខ្វះមិនបាន នៅក្នុងកម្មវិធីកែទម្រង់វិមជ្ឈការ របស់រដ្ឋាភិបាល ដែលសំដៅពង្រឹងការឆ្លើយតប របស់រដ្ឋាភិបាល ទៅនឹងសេចក្តីត្រូវការ របស់ពលរដ្ឋ ៕ ដោយ ៖ អេង ប៊ូឆេង