ព័ត៌មានជាតិ

មេទ័ពជើងគោក ជួបសំណេះសំណាល ជាមួយពលទាហានថ្មី បំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក ឆ្នាំ២០២០

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើស បំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ ក្នុងឱកាសនៃដំណើរទស្សនកិច្ច នៅទីលានហ្វឹកហ្វឺន បាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប ខេត្តបាត់ដំបង និងនៅសាលាពលទាហាន យោធភូមិភាគពិសេស ខេត្តកំពង់ឆ្នាំង នៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ។

លោកមេទ័ពជើងគោក សូមអបអរសាទរ ចំពោះការទទួលបាន ការជ្រើសរើស ឱ្យចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោកឆ្នាំ២០២០នេះ ហើយក៏កំពុងឆ្លងវគ្គហ្វឹកហ្វឺន នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំវាលចាប (ខេត្តបាត់ដំបង) និងនៅសាលាពលទាហាន យោធភូមិភាគពិសេស (ខេត្តកំពង់ឆ្នាំង) ហើយក៏សូមកោតសរសើរ ដែលបានសម្រេចចិត្ត ជ្រើសរើសអាជីពជាយោធិន និងបានខិតខំប្រឹងប្រែង តស៊ូព្យាយាមហ្វឹកហ្វឺន រៀនសូត្រមកទល់ពេលនេះ ដោយឆ្លងកាត់ការលត់ដំ ពុះពារការលំបាក នៅក្នុងកាលៈទេសៈ នៃការផ្លាស់ប្តូរជីវភាព ពីជនស៊ីវិលមកជាយោធិន។ ស្របពេល ដែលមានយុវជនស្ម័គ្រចិត្ត រាប់ពាន់នាក់ផ្សេងទៀត កំពុងរង់ចាំទន្ទឹង ចង់បានឱកាសដូចគ្នានេះ នេះក៏អាចចាត់ទុក ជាឱកាសមាសមួយផងដែរ ដែលជាជោគជ័យ និងជាមោទនភាពមួយ របស់សាមីខ្លួនផ្ទាល់, របស់ក្រុមគ្រួសារ និងរបស់កងទ័ពយើង។

លោកមេបញ្ជាការ ចាត់ទុកការហ្វឹកហ្វឺនរយៈពេល ០៣ ខែនេះ គឺជាការហ្វឹកហ្វឺន ដែលផ្តល់នូវមូលដ្ឋានមួយចំនួន សម្រាប់ការបំពេញភារកិច្ច ក្នុងនាមជាសមាជិក នៃកងយោធពលខេមរភូមិន្ទ ដែលជាចំណេះដឹង មិនអាចផ្តល់ដោយ ស្ថាប័នគ្រឹះស្ថានអប់រំស៊ីវិល ដូច្នេះសូមពលទាហានថ្មីរបស់យើង ចាប់យកឱកាសនេះ និងយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្តាប់ឱ្យជាប់នូវការយល់ដឹង ទី១. អំពីជីវិតកងទ័ព របៀបរបបការងារកងទ័ព សំដៅដល់ការរស់នៅជាមួយគ្នា, ហ្វឹកហ្វឺនរួមគ្នា, សហការសាមគ្គីជួយគ្នា ដើម្បីសម្រេចភារកិច្ចរួម; ទី២. អំពីតួនាទីភារកិច្ចកងទ័ព, សណ្តាប់ធ្នាប់វិន័យជួរទ័ព, និងការអនុវត្តក្រឹត្យក្រម បទបញ្ជាដ៏ម៉ឺងម៉ាត់ ដើម្បីជាការលត់ដំឱ្យម្នាក់ៗ ក្លាយជាយោធិនពេញលក្ខណៈ មានស្មារតីភ្ញាក់រលឹក ម្ចាស់ការលើកការគោរពវិន័យ, ការបំពេញភារកិច្ច និងការទទទួលខុសត្រូវ ក្នុងនាមបុគ្គលម្នាក់ៗ, ក្នុងនាមក្រុម ក៏ដូចជាក្នុងនាមកងទ័ពទាំងមូល; ទី៣. អំពីជំនាញចំណេះដឹងយោធា, ឋានលេខា និងយុទ្ធវិធីផ្សេងៗ ដែលត្រូវទទួលបាន តាមរយៈការហ្វឹកហ្វឹនច្បាស់លាស់ មានវិធីសាស្ត្រច្បាស់លាស់ រួមទាំងការហ្វឹកហ្វឺន ផ្នែកកាយសម្បទាផងដែរ។ កាយសម្បទារឹងមាំ ជាមូលដ្ឋាននៃការហ្វឹកហ្វឺន ដោយធ្វើឱ្យមានសុខភាពល្អ, ធ្វើឱ្យមានជំនឿទុកចិត្តលើខ្លួនឯង ដែលកត្តាទាំងអស់នេះ ចាំបាច់សម្រាប់ការបំពេញភារកិច្ច ឱ្យមានប្រសិទ្ធភាព ឬដើម្បីបំពេញការហ្វឹកហ្វឺន ក្នុងវគ្គបន្តបន្ទាប់ទៀត។

លោក ហ៊ុន ម៉ាណែត បន្តថាចំពោះការហ្វឹកហ្វឺន ពលទាហានថ្មីនេះ សូមអរគុណប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន, និងថ្នាក់ដឹកនាំកងទ័ពជើងគោក ក៏ដូចជាថ្នាក់ដឹកនាំ បណ្តាយោធភូមិភាគ, គណៈគ្រប់គ្រងវគ្គ, និងយោធាចារ្យ បានខិតខំណាស់ដើម្បីធានា និងសម្របសម្រួលដំណើរការ នៃការហ្វឹកហ្វឺនឱ្យបានល្អ ក្នុងនោះរួមទាំងការស្នាក់នៅ និងហូបចុក។ បន្តទៅនេះ ដើម្បីឈានទៅបញ្ចប់វគ្គ ដោយជោគជ័យ ក្លាយខ្លួនជាយោធិនម្នាក់ មានសមត្ថភាព, មានការទទួលខុសត្រូវ និងមានសុខភាពល្អ ធានាបានការបំពេញភារកិច្ច ជូនជាតិមាតុភូមិ អ្វីដែលសំខាន់ គឺអាស្រ័យលើកម្រិត នៃការខិតខំព្យាយាមយកចិត្តទុកដាក់ របស់សិក្ខាកាមពលទាហានយើងផ្ទាល់។

លោកសូមលើកទឹកចិត្តថា នៅក្នុងរយៈពេល ០៣ ខែ នៃការចាក់គ្រឹះមូលដ្ឋាននេះ សូមលត់ដំតស៊ូព្យាយាម និងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងគោរពវិន័យសាលា, បទបញ្ជាផ្ទៃក្នុងរបស់វគ្គហ្វឹកហ្វឺន។ វិន័យ ជាមូលដ្ឋានសំខាន់បំផុតរបស់កងទ័ព ហើយមានគោលដៅធ្វើយ៉ាងណា ឱ្យមានការឯកភាពគ្នា, គ្មានការរើសអើង, មានការអនុវត្តគ្រប់គ្នា និងដូចគ្នា ហើយក៏សូមត្រងត្រាប់ស្តាប់យោធាចារ្យ ឱ្យបានហ្មត់ចត់ ជាពិសេសពេលហាត់បាញ់គ្រាប់ពិត ឬនៅលើទីលាន ដើម្បីធានាបានសុវត្ថិភាព ចៀសវាងការមានគ្រោះថ្នាក់ ដោយសារការធ្វេសប្រហែស ក្នុងពេលហ្វឹកហ្វឺន និងសូមយកចិត្តទុកដាក់ផងដែរ លើការថែទាំសុខភាព ដោយហូបទឹកឱ្យបានច្រើន និងចេះរក្សាអនាម័យខ្លួនប្រាណឱ្យបានល្អ ទន្ទឹមនឹងការចេះយកឱកាស បង្កើតមិត្តភាព ក្នុងនាមជាកងយោធពល ខេមរភូមិន្ទតែមួយ តស៊ូព្យាយាមកុំបោះបង់, ចេះជួយគ្នា, ឆ្លងកាត់ការលត់ដំទាំងអស់គ្នា ទោះមកពីប្រភពផ្សេងៗគ្នា ដោយបន្ទាប់ពីបញ្ចប់វគ្គហ្វឹកហ្វឺន នឹងទទួលបានការចាត់តាំង ទៅតាមបណ្តាអង្គភាព អាចកៀកស្មាគ្នាក្នុងជំនាន់ និងគ្រប់ៗជំនាន់យូរអង្វែងតទៅ ដើម្បីបំពេញភារកិច្ចជូនជាតិមាតុភូមិ៕

To Top