ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះថា ស្រ្តីខ្មែរ២នាក់ និងក្មេងប្រុសម្នាក់ អាយុ៣ខែ រស់នៅកូរ៉េខាងត្បូង ត្រូវបានរកឃើញ វិជ្ជមាន កូវីដ១៩។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានជូនដំណឹងជាបឋម នៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះថា មានជនជាតិខ្មែរចំនួន២នាក់ ដែលជានារីខ្មែរ រៀបការស្វាមីកូរ៉េ ១នាក់ អាយុ២៣ឆ្នាំ ម្តាយ អាយុ ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុស អាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយ ប្រមាណ២០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះ បានឆ្លងពីក្មួយ បានផ្ទុកវីរ៉ុសCOVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេ នៅកូរ៉េ ។
សូមជម្រាបជូនថា ប្តីរបស់នារីខ្មែររូបនេះ ត្រូវបានគេពិនិត្យឃើញមាន COVID-19 នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ និងត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បើយ រួចទៅហើយ។ យប់មិញ (២១ មីនា ២០២០) ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ ទៅមន្ទីពេទ្យម៉្យុងជី នៅអ៊ីលសាន ដើម្បីពិនិត្យ និងព្យាបាល។
បច្ចុប្បន្នស្ថានទូត បាននិងកំពុងតែប្រមូលព័ត៌មាន ច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួល ជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៊ីលសានម៉្យុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះ កំពុងបញ្ជូនមន្ត្រី ចុះទៅមន្ទីរពេទ្យដោយផ្ទាល់ ដើម្បីតាមដាន ពីស្ថានភាពសុខភាព របស់ពួកគាត់នាព្រឹកនេះ៕