សុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ទំនុកចិត្តលើក្រុមគ្រូពេទ្យ នៅថ្នាក់ជាតិ និងក្រោមជាតិ ដែលកំពុងតែសកម្ម ក្នុងការស្វែងរកអ្នកប៉ះពាល់ ផ្ទាល់ឫប្រយោល ហិងសូមឲ្យមានការចូលរួម សហការស្ម័គ្រចិត្តបង្ហាញខ្លួន ប្រសិនបើបានដឹងថា លោកអ្នកធ្លាប់បានប៉ះពាល់ ជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩ ដើម្បីពិនិត្យសុខភាពលោកអ្នក ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ មិនមានបញ្ហាទេ អ្នកប៉ះពាល់ប្រយោល ដែលរកឃើញ នឹងចាត់ចែងឲ្យមាន ការតាមដានបន្ត ដោយខ្លួនឯងក្នុង រយ:ពេល ១៤ ថ្ងៃ។
អ្វីដែលជាការរកឃើញមកដល់ពេលនេះគឺ មានអ្នកវិជ្ជមាន វីរុសកូវីដ១៩ សរុបចំនួន ៥៣នាក់ (អ្នកជាសះស្បេីយ ២នាក់ អ្នកឆ្លងផ្ទាល់បន្តមានតែ ៣ករណី (បុរសអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប និងស្ត្រីជាភរិយា ២នាក់) ប៉ុណ្ណោះ)។ មិនទាន់មានការចម្លង ឫរាតត្បាត ក្នុងសហគមន៌នៅឡេីយ។
នេះជាចំណុចដែលបងប្អូនប្រជាពលរដ្ឋ ត្រូវតែខិតខំចូលរួមការពារទប់ស្កាត់ កុំឲ្យមានការចម្លងទៅក្នុងសហគមន៏ ជាកិច្ចការដែលយើងទាំងអស់គ្នា ត្រូវធ្វើជាចាំបាច់។ ដូច្នេះខ្ញុំសូមអំពាវនាវ ហើយអំពាវនាវទៀត ខ្ញុំសុំលើកដៃសំពះ ដល់បងប្អូនជនរួមជាតិយើងទាំងអស់ សូមលោកអ្នកមេត្តាយល់ លើចំណុចនេះជាចាំបាច់ នៅក្នុងកាលៈទេសៈនេះ ហើយសូមកុំឲ្យមាន ការរើសអើងឲ្យសោះ មិនមានអ្នកណាម្នាក់ចង់ឈឺ ឫចង់នាំជំងឺមកនោះឡើយ ។ តែអ្វីដែលសំខាន់ នោះ ត្រូវតែរួបរួមគ្នា កាត់ផ្តាច់ឲ្យបាន នូវការចម្លងពីបុគ្គល ដែលមានវីរុសកូវីដ១៩ ទៅបុគ្គលផ្សេងទៀត ជាពិសេសអ្នកដែលនៅជិតស្និទ្ធ ឫក្រុមគ្រួសារ មិត្តភ័ក្រ្តគាត់ជាដើម។ ចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទើបយើងអាចមានជ័យជនះ។ សូមជូនពរសុខភាពល្អ មិនមានការចម្លង វីរុសកូវីដ១៩នេះ ទាំងអស់គ្នា។ សូមអរគុណ
វេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា