ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានប្រគល់ជូននូវគ្រឿងបរិក្ខារ ការពារសុវត្ថិភាព ជូនដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជួយការពារបុគ្គលិក របស់នាយកដ្ឋាន ក្នុងអំឡុងពេលប្រតិបត្តិការ ការងាររបស់ខ្លួន។
គ្រឿងបរិក្ខាររួមមាន ដូចជាម៉ាសការពារចំនួន៥០០០ ទឹកលាងដៃសំលាប់មេរោគ ចំនួន៣០០ដប និងឧបករណ៍ វាស់កម្តៅចំនួន៣៥គ្រឿង ដែលបានបរិច្ចាគដោយផ្ទាល ពីសំណាក់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប។
លោកអៀន វ៉ាតសុន (Ian Watson) ដែលជានាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានប្រគល់អំណោយនេះដោយផ្ទាល់ ជូនដល់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលធ្វើឡើង នៅទីស្នាក់ការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ទង្វើទាំងនេះបង្ហាញបន្ថែម អោយឃើញពីយុទ្ធនាការគម្រោងថ្មី ពីសែលកាត ដែលមានឈ្មោះថា Cellcard 4U ហើយក៏បង្ហាញថា ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករបណ្តាញ ទូរស័ព្ទចល័តតែមួយគត់ គ្រប់គ្រងដោយជនជាតិខ្មែរ និងបង្កើនកម្រិតសេវាកម្មរបស់ខ្លួន នៅទូទាំងប្រទេស។
ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាលក់រាយរបស់សែលកាត នឹងពន្យារម៉ោងបំរើសេវាកម្ម សម្រាប់អតិថិជន នៅថ្ងៃធ្វើការ និងថ្ងៃសៅរ៍រហូតដល់ម៉ោង 6:30ល្ងាច ហើយនឹងផ្តល់ជូន សេវាដឹកជញ្ជូនស៊ីមកាត ដោយឥតគិតថ្លៃ ដល់អ្នកដែលមិនអាច ទៅដល់ហាង ឬភ្នាក់ងារចែកចាយ ដោយផ្ទាល់បាន។
គម្រោង Cellcard 4U ក៏ភ្ជាប់មកជាមួយ នូវគម្រោងតំលៃថ្មី ដែលផ្តល់លទ្ធភាពដល់អតិថិជន រក្សាទុកសមតុល្យទឹកប្រាក់ ដែលមិនទាន់បានប្រើអស់ ទៅគម្រោងបន្ទាប់ និងការភ្ជាប់គម្រោង រៀងរាល់សប្តាហ៍ទី ៤ ដោយឥតគិតថ្លៃ ។
នាយកប្រតិបត្តិលោក Ian Watson បានមានប្រសាសន៍ថា “សែលកាតកំពុងធ្វើអ្វីគ្រប់យ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីខិតខំបន្តគាំទ្រ ប្រជាជនកម្ពុជា ក្នុងអំឡុងពេលដ៏លំបាកនេះ ។ ខណៈពេលដែលយើងផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់បន្ថែមទៀត ដល់អតិថិជនរបស់យើង យើងក៏កំពុងតែការពារបុគ្គលិក របស់យើងផងដែរ ជាមួយនឹងវិធានការ និងនីតិវិធីសុវត្ថិភាពបន្ថែម។ សហសេវិករបស់យើង នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាផ្នែកមួយ នៃទំនួលខុសត្រូវរបស់យើងផងដែរ ក្រុមហ៊ុនសែលកាត គឺនៅទីនេះសម្រាប់រដ្ឋមន្រ្តី និងនាយកដ្ឋានរបស់លោក ខណៈពេលដែលយើងរួមគ្នា ធ្វើការងារដើម្បីរក្សាទំនាក់ទំនង ជូនដល់ប្រទេសកម្ពុជា” ។
លោក Watson បានមានប្រសាសន៍បន្តទៀតថា កិច្ចការប្រតិបត្តិការបន្ត របស់ក្រសួងពេលនេះ គឺជាបញ្ហាសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ហើយក្រុមហ៊ុន ប្តេជ្ញាចិត្តបម្រើក្រសួង និងជួយការពារនិយោជិក ឲ្យបន្តប្រតិបត្តិការនេះ ។ យើងត្រូវតែឈររួមគ្នា និងរឹងមាំ ដើម្បីធ្វើការនិងប្រឈមមុខ រាល់បញ្ហាដែលកើតឡើង។ សម្រាប់ប្រជាជនកម្ពុជា រួមទាំងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋាភិបាលទាំងមូល Cellcard 4U គឺសម្រាប់មនុស្សគ្រប់រូប សម្រាប់គ្រប់អតិថិជន និយោជិក អ្នកពាក់ព័ន្ធ និងដៃគូសំខាន់ៗរបស់យើង” ៕