ភ្នំពេញ៖ ក្នុងក្របខ័ណ្ឌសហភាពសេដ្ឋកិច្ច អឺរ៉ាស៊ី (អឺរ៉ុប-អាស៊ី) កម្ពុជាសង្ឃឹមថា រុស្ស៊ីនឹងគាំទ្រកម្ពុជា ក្នុងការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយ សហភាពសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី។ នេះបើតាមការបញ្ជាក់ពី ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ក្នុងជំនួបពិភាក្សាជាមួយលោក ឌីមីទ្រី ឆ្វេតកូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា ចប់អាណត្តិ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក ហោ ណាំហុង បានថ្លែងថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពហុភាគី ស្តីពី កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំសម័យប្រជុំ លើកទី១១ នាថ្ងៃទី ១៧-១៨ សីហា ខាងមុខ នៅទីក្រុងភ្នំពេញ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឲ្យកាន់តែរឹងមាំថែមទៀត។
លោកបន្ដថា កម្ពុជាសង្ឃឹមថា រុស្ស៊ីដែលធ្វើជាប្រធានអង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ នឹងគាំទ្រកម្ពុជា ដើម្បីជាអ្នកសង្កេតការណ៍ នៃអង្គការនេះ។
លោក មានប្រសាសន៍ថា «ក្នុងក្របខ័ណ្ឌសហភាពសេដ្ឋកិច្ច អឺរ៉ាស៊ី កម្ពុជាសង្ឃឹមថា រុស្ស៊ីនឹងគាំទ្រកម្ពុជា ក្នុងការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយ សហភាពសេដ្ឋកិច្ច អឺរ៉ាស៊ី»។
ជាការឆ្លើយតបលោក ឌីមីទ្រី ឆ្វេតកូវ ថា រុស្ស៊ីគាំទ្រកម្ពុជាពេញទំហឹង ដើម្បីធ្វើជាអ្នកសង្កេតការណ៍ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។លោកថា ក្រុមការងារ កម្ពុជា-រុស្ស៊ី បានចាប់ផ្ដើមការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយ សហភាពសេដ្ឋកិច្ច អឺរ៉ាស៊ី រួចហើយដែរ។
ជាងនេះទៅទៀត ទូតរុស្ស៊ី ប្រចាំកម្ពុជា បានកោតសរសើរ ចំពោះការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ដែលមានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧ភាគរយ ជាច្រើនឆ្នាំកន្លងមក ទោះបី កម្ពុជាមិនមែនជាប្រទេសផលិតប្រេងកាត និងហ្គាស ដូចប្រទេសដទៃ ក៏ដោយ៕
ដោយ៖ អេង ប៊ូឆេង