ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានអះអាងថា មិនមានការបិទ ទីក្រុងព្រះសីហនុទាំងមូលនោះទេ គឺបិទតែសណ្ឋាគារមួយក្នុងក្រុង តែប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះ ក្នុងខេត្តព្រះសីហនុ បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ គិតមកដល់ពេលនេះសរុប ៣៣នាក់ហើយ ដែលស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងក្រុងព្រះសីហនុ ដែលភ្លាមៗនោះ រដ្ឋបានខេត្តព្រះសីហនុ ក៏បានសម្រេចបិទសណ្ឋាគារមួយនោះ ចោលភ្លាមផងដែរ។
ក្នុងកិច្ចប្រជុំបន្ទាន់មួយ ស្តីពី “វិធានការការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩” ដែលកើតមាន នៅខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោកគួច ចំរើន បានថ្លែងថា “ រដ្ឋបាលខេត្ត មិនមានការបិទទីក្រុងនោះទេ គឺបិទតែសណ្ឋាគារមួយប៉ុណ្ណោះ”។
លោកបន្តថា ខេត្តបានត្រៀមអគារព្យាបាល នៃមន្ទីរពេទ្យបង្អែកខេត្ត មានចំនួន ២១ បន្ទប់ស្មើនឹង ៤២គ្រែ និងសណ្ឋាគារចំនួន២កន្លែង សរុបចំនួន១០៦ បន្ទប់ស្មើ នឹង ២០២ គ្រែ សរុបទាំងអស់គឺមានចំនួន ១២៧ បន្ទប់ស្មើនឹង ២៤៤ គ្រែ និងបានត្រៀមអគារមួយចំនួនទៀត សម្រាប់ទុកដាក់អ្នកជំងឺកូវីដ ១៩ ។
លោកអភិបាលខេត្ត សង្កត់ធ្ងន់ថា ចំពោះប្រជាពលរដ្ឋ និងពលករ ដែលត្រឡប់មកពីប្រទេសថៃថ្មីៗនេះ រដ្ឋបាលខេត្តនឹងដាក់ ឱ្យនៅដាច់ដោយឡែក ពីក្រុមគ្រួសារសាច់ញាតិ របស់ពួកគេរយៈពេល១៤ ។
លោកថា ប្រសិនបើប្រជាពលរដ្ឋ មានករណីសង្ស័យ មានកូវីដ១៩ សូមរាយការណ៍ ជាបន្ទាន់ ទៅគ្រូពេទ្យដែលប្រចាំការ នៅតាមមណ្ឌលសុខភាព ឬក៏ទំនាក់ទំនង តាមលេខ ទូរសព្ទពិសេស ដែលរដ្ឋបាលខេត្តបានផ្តល់ជូន។
លោកបញ្ជាក់ថា អ្នកដែលផ្ទុកវីរុសកូវីដ១៩ ទាំង៣២នាក់នេះ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាល តាមបន្ទប់ដាច់ដោយឡែក នៅសណ្ឋាគារមួយ ដោយមានក្រុមគ្រូពេទ្យជំនាញ នៅប្រចាំការដើម្បីតាមដាន និងព្យាបាលជំងឺពួកគេ នៅក្នុងសណ្ឋាគារនោះតែម្ដង និងបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចការពារ ដោយមិនឲ្យមាន ការចេញចូល ដោយគ្មានការអនុញ្ញាតឡើយ។
ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅទាំងខេត្តព្រះសីហនុ ប្រសិនជាគ្មានការចាំបាច់ទេ គួរតែ នៅក្នុងផ្ទះរៀងៗខ្លួន ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសឱ្យឆ្ងាយពីជំងឺ កូវីដ១៩ ។
លើសពីនេះទៅទៀត លោកក៏បានអំពាវនាវ ដល់មន្រ្តីក្រោមឱវាទ ប្រសិនបើគ្មានការចាំបាច់ធំដុំទេ គឺមិនបាច់ជួបជុំគ្នាទេ នាំគ្នាធ្វើការតាមប្រព័ន្ធអនឡាញ ធ្វើការតាមទូរសព្ទក៏បានដែរ។
ជាពិសេសលោកក៏បានបញ្ជា ឲ្យមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវធ្វើជាភ្នាក់ងារសន្តិសុខ សម្រាប់ការអប់រំណែនាំ ឬក៏ដាក់កំហិត ទៅប្រជាពលរដ្ឋ ឬមន្ត្រីគ្នាឯងណាដែលដឹងថា ខ្លួនមានការសង្ស័យ ឬការពាក់ព័ន្ធ នឹងអ្នកដែលអាចឆ្លងជំងឺកូវីដ១៩ ត្រូវក្តាប់ឱ្យបាន។
សូមបញ្ជាក់ថា គិតមកដល់ពេល កម្ពុជាមានអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៨៦នាក់ហើយ ៕ ដោយ៖ធី លីថូ