Covid-19

សម្ដេចទៀ បាញ់ បន្តអំពាវនាវ ដល់កងទ័ព និងពលរដ្ឋ ឲ្យចូលរួម ជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងកូវីដ១៩

ភ្នំពេញ ៖ ស្របពេល ដែលជំងឺកូវីដ១៩ កាន់តែមានការរីករាលដាលខ្លាំង នៅទូទាំងសកលលោកនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បន្តអំពាវនាវដល់កងទ័ពក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបន្តយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្ដេចពិជ័យសេនាទៀបាញ់បានថ្លែងថា “សូមបងប្អូនកងទ័ព និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្រ ឱ្យអស់ពីកម្លាំងកាយចិត្ត ដល់រាជរដ្ឋាភិបាល របស់យើង ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនឹងមេរោគ COVID-19 នេះ” ។

សួមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកផ្ទុក ជំងឺកូវីដ១៩ចំនួន ៨៧នាក់ហើយ៕ដោយ៖ធី លីថូ

To Top