ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមន្រ្តីក្រសួងបរិស្ថាន ពីបទលួចរថយន្ត កាលពីវេលាម៉ោង១៥និង៣០នាទី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅចំណុចលើចិញ្ចើមផ្លូវជាប់របងឌ្រីមឡែន ផ្លូវសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អធិការនគរបាលខណ្ឌដូនពេញ លោកទៀង ច័ន្ទសា បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះជនសង្ស័យត្រូវឃាត់ខ្លួន គឺ ១.ឈ្មោះ នេត រចនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួលលេខ១២៦A ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះឈ្មោះ GUAN TAO ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិន កានលិខិតឆ្លងដែនលេខE91908825 មុខរបបលក់ដូរ ទីលំនៅ ផ្ទះលេខ០៧ ផ្លូវ៣៩ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកអធិការ បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានយករថយន្តមកចត នៅចំណុចលើចិញ្ចើមផ្លូវ ជាប់របងឌ្រីមលែន៍ ផ្លូវសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយបានចូលទៅក្នុងណាហ្គាវើលទី១ ពេលនោះ ជនរងគ្រោះ ក៏បានជ្រុះកូនសោររថយន្ត ដោយមិនដឹងខ្លួន ហើយជនសង្ស័យឃើញ ក៏រើសបាន បន្ទាប់មកជនសង្ស័យ ក៏ដើរចេញពីណាហ្គាវើលទី១ ហើយបានយកកូនសោរមកចុច ដើម្បីស្វែងរករថយន្ត ក៏ឃើញរថយន្តរបស់ជនរងគ្រោះ ចតទុកនៅកន្លែងកើតហេតុខាងលើ ។
លោកទៀង ច័ន្ទសា បានបន្តទៀតថា ក្រោយពីឃើញរថយន្តរបស់ជនរងគ្រោះហើយនោះ ជនសង្ស័យក៏បានបើករថយន្តនោះ យកទៅផ្ញើនៅកន្លែងផ្ញើ ក្នុងមន្ទីរពេទ្យកាលម៉ែត រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២១មម៉ ១០នាទី ជនរងគ្រោះក៏បានឃើញជនសង្ស័យ កំពុងនៅលេងល្បែងក្នុងណាហ្គាវើលទី២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏បានរាយការណ៍មកកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ជួយសហការ ដើម្បីឃាត់ខ្លួនជនសង្ស័យបញ្ជូនមកប៉ុស្តិ៍ នគរបាលរដ្ឋបាលចតុមុខ យកមកសាកសួរបន្ត។
ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញរបស់លោក បានដកហូតវត្ថុតាង រថយន្ត ០១គ្រឿងម៉ាកHYUNDAI GRAND STAREX ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-8950
ទូរស័ព្ទ ០១គ្រឿង ម៉ាកហូវៃ ពណ៍ខៀវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក
សៀវភៅធនាគារ ០១សន្លឹក កាតធនាគារ ០១សន្លឹក
កាតវីង ០២សន្លឹក កាតធានារ៉ាប់រង ០២សន្លឹក ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីតាមច្បាប់ ៕