ភ្នំពេញ៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៣ មីនា ២០២០ បើកវគ្គបណ្តុះបណ្តាល សម្រាប់បើកវគ្គបណ្តុះបណ្តាលសម្រាប់គ្រូពេទ្យស្ម័គ្រចិត្ត តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)ដើម្បីប្រយុទ្ធ
ប្រឆាំងជំងឺកូវីដ១៩ ស្តីពី ការបង្ការ និងត្រួតពិនិត្យការចម្លងជំងឺកូវីដ១៩ ដោយមានការចូលរួមពីមន្ត្រីសុខាភិបាល និងអ្នកស្ម័គ្រចិត្តជាច្រើននាក់បានចូលរួម។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ(TYDA) បានថ្លែងអំណរគុណដល់ប្អូនៗ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលបានស្ម័គ្រចិត្តនៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងមេរោគរាត្បាតកូវីដ១៩ ចំពេលដែលយើងត្រូវការប្អូនៗជាចាំបាច់។ ការបណ្តុះបណ្តាលប្អូនៗនេះ គឺត្រៀមជាទ័ពបម្រុង នៅពេលដែលមានអ្នកជំងឺកូវីដ១៩នេះ កើនឡើងបន្ថែមទៀត គឺយើងនឹងបញ្ជូនកម្លាំងបម្រុងរបស់យើងចេញទៅបន្ថែមទៀត។
ដោយសារតែមានការឆ្លងរីករាលដាលនៃជំងឺ Covid19 ជាសកល រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំផែនការទប់ស្កាត់ ដោយមិនចង់ឲ្យបញ្ហានេះកើតឡើងដូចនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន កើតនៅក្នុងប្រទេសកម្ពុជានោះទេ។
លោកស្រី បានលើកឡើងទៀតថា បច្ចុប្បន្នកម្ពុជាបានពង្រីកមនី្ទរពេទ្យបន្ថែមទៀត សម្រាប់ដាក់អ្នកឆ្លងជំងឺកូវីដ១៩ ដូចជានៅមនី្ទរពេទ្យមិត្តភាពខ្មែរសូវៀត មណ្ឌលសុខភាពចាក់អង្រែ មនី្ទរពេទ្យកុមារជាតិ មនី្ទរពេទ្យគន្ធបុប្ជា និងសណ្ឋាគារ Great Duke ត្រូវបានដាក់ជាកន្លែងព្យាបាលកូវីដ១៩ រៀបចំដំឡើងប្រមាណជាង២០បន្ទប់ មន្ទីរពេទ្យស្ទើរទូទាំងរាជធានី ខេត្ត កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ចំពោះអ្នកឆ្លងជំងឺកូវីដ១៩នេះ ហើយអ្នកទាំងអស់នោះក៏គ្មានសភាពធ្ងន់ធ្ងរនោះទេ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៤ថ្ងៃ(៤វគ្គ)ដោយផ្ដោតសំខាន់លើមូលដ្ឋានគ្រឹះនៃការចម្លងរោគ ការប្រុងប្រយ័ត្ន ការគ្រប់គ្រងអ្នកជំងឺ ការអប់រំអនាម័យសុខភាព ការប្រើប្រាស់ឧបករណ៍ការពារខ្លួន ការគ្រប់គ្រងសំណល់ ការពិនិត្យនិងព្យាបាលអ្នកជំងឺ ខណៈពេលដែលសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមម៉ោង៨យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មានចំនួន៨៤នាក់ ស្រី២១នាក់ បុ្រស៦៣នាក់ ដែលក្នុងនោះមានជនជាតិចិន០១នាក់ នៅខេត្តព្រះសីហនុបានជាសៈស្បើយ អង់គ្លេស ០៣នាក់ ក្នុងនោះមាន០១នាក់ បានជាសៈស្បើយហើយ៕