ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ លួចដោះស្លាកលេខរថយន្តម្នាក់ ក្នុងចំណោមគ្នា២នាក់ ព្រមទាំងដកហូតវត្ថុតាងស្លាកលេខរថយន្តដែលលួចបានជាច្រើនបន្ទះផងដែរ ។
លោកទៀង ច័ន្ទសា អធិការ នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យករណីអំពើលួច(លួចស្លាកលេខរថយន្ត)នោះ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។
លោកអធិការ បានឲ្យដឹងបន្តទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួននោះ ឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលគ្មានលេខ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ ចំណែកវត្ថុតាងចាប់យកមានស្លាកលេខរថយន្តចំនួន០៦គូ ស្មើ១២បន្ទះ ដែលមានលេខដូចខាងក្រោម៖
ទី១
– ភ្នំពេញ 2AR:4712 ចំនួន០២សន្លឹក
– ភ្នំពេញ 2AR:0509 ចំនួន០២សន្លឹក
– ភ្នំពេញ 2AB:6207 ចំនួន០២សន្លឹក
– ភ្នំពេញ 2AS:2485 ចំនួន០២សន្លឹក
– ភ្នំពេញ 2AU:6487 ចំនួន០២សន្លឹក
– ភ្នំពេញ 2BA:2430 ចំនួន០២សន្លឹក
ទី២.ឧបករណ៍សម្រាប់កាច់សោកុងតាក់ម៉ូតូចំនួន០១ , ទី៣.សោសម្រាប់ដោះ(ទួរណឺវិស)ស្លាកលេខរថយន្តចំនួន០៥ដើម, ទី៤.កាបូបខ្មៅ សម្រាប់ដាក់ស្លាកលេខចំនួន០១។ ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍រដ្ឋបាលផ្សារចាស់ នៃអធិការដ្ឋានដូនពេញបានចេញធ្វើល្បាតលើដងផ្លូវក្នុងភូមិសាស្ត្រតាមបណ្ដាប៉ុស្តិ៍។ ពេលដែលកម្លាំងយើងល្បាតមកដល់ចំណុចផ្លូវលេង១៧ កែង១៩ ភូមិ៣ ក្នុងសង្កាត់ផ្សារចាស់ ក៏បានឃើញជនសង្ស័យចំនួន០១នាក់ ឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងតែដើរ ដៃមានកាន់កាបូបខ្មៅ ដោយមានការសង្ស័យ កម្លាំងក៏បានធ្វើការឃាត់ខ្លួនឆែកឆេរត្រួតពិនិត្យរកឃើញមានស្លាកលេខរថយន្តចំនួន១២សន្លឹក ស្មើនឹង០៦គូ និងឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួនទៀតផងដែរ។ បន្ទាប់មក កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាងយកមកកាន់ប៉ុស្តិ៍រដ្ឋបាលផ្សារចាស់ ដើម្បីធ្វើការសាកសួរ។
បើតាមចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពជាមួយ ឈ្មោះ ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ និងធ្វើសកម្មភាពចំនួន០៤លើក បានស្លាកលេខចំនួន០៨សន្លឹក។ លើកទី១ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០០និង១០នាទីរំលងអធ្រាត្រ នៅចំណុចស្តុបដេអិន ខណ្ឌ៧មករា លួចបានស្លាកលេខរថយន្តToyota Tacoma ភ្នំពេញ2AU:6487។ លើកទី២ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រនៅត្រងចំណុចមុខវត្តថ្វាងដង្គុំ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា លួចបានស្លាកលេខរថយន្តToyota PRIUS។ លើកទី៣ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្រោយពេទ្យកុមារជាតិ ក្នុង ខណ្ឌទួលគោក លួចបានស្លាកលេខរថយន្ត ម៉ាកហាយឡេនឌ័រ។ លើកទី៤ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្រោយមន្ទីរពេទ្យលោកសង្ឃ ខណ្ឌទួលគោក លួចបានស្លាកលេខរថយន្តម៉ាក Toyota Prius និងស្លាកលេខចំនួន០២គូទៀត ត្រូវបានទិញពីក្មេងប្រុសមិនស្គាល់ឈ្មោះ ក្នុងតម្លៃ មួយគូ២០ដុល្លារហើយជនសង្ស័យបានយកស្លាកលេខទៅលក់បន្តឲ្យបុរសម្នាក់មិនស្គាល់ឈ្មោះ និងទីកន្លែងស្នាក់នៅ តាមរយៈលេខទូរស័ព្ទ០៨៧ ៧៨៨៨ ០៧ ក្នុងមួយគូតម្លៃ៥០ដុល្លារ។
ចំពោះមុខកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការសាកសួរយកចម្លើយ បន្តស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តតាមនីតិវិធី។ និងទិសដៅបន្ត អធិការដ្ឋាន និងប៉ុស្តិ៍ទាំង១១ ជំរុញការស្រាវជ្រាវ បន្តបើកការបង្ក្រាបជាប្រចាំ៕