ព័ត៌មានជាតិ

ចិន និងកម្ពុជា ជួយគ្នាក្នុងគ្រាលំបាក ៖ សភាពាណិជ្ជកម្មចិន ផ្តួចផ្តើមបង្កើតមូលនិធិ ប្រឆាំង នឹងការរាតត្បាត នៃជំងឺកូវីត១៩នៅកម្ពុជា

ភ្នំពេញ ៖ ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺកូវីត១៩ នៅដើមឆ្នាំ២០២០មក ក្រោមការដឹកនាំផ្ទាល់ ពីការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា និងដោយមានការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមប្រឹក្សា សភាពាណិជ្ជកម្មចិន នៅកម្ពុជា បណ្តាអង្គភាពសមាជិកសភា ពាណិជ្ជកម្មចិននៅកម្ពុជា បានដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងធ្វើស្ពានប្រាស្រ័យទាក់ទង ហើយបានផ្តួចផ្តើម គំនិតជួយដល់សហគ្រាស និងសប្បុរសជន ជាច្រើនចូលរួមយ៉ាងក្លៀវក្លា នៅក្នុងសកម្មភាពប្រឆាំង នឹងការរីករាលដាលជំងឺកូវីត១៩ ដែលទទួលបាននូវការឆ្លើយតបជាវិជ្ជមាន ពីសហគ្រាស និងសប្បុរសជាច្រើន នៅក្នុងប្រទេសកម្ពុជា ។

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីយានី នៃព្រះរាជាណាចក្រកម្ពុជា បានបរិច្ចាគប្រាក់ និងសំភារៈដល់ប្រទេសចិន នៅពេលដំបូង នៃការរាតត្បាតជំងឺកូវីត១៩ ក្នុងប្រទេសចិន។ នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខ នៃរដ្ឋាភិបាលបរទេសទីមួយ ដែលបានធ្វើទស្សនកិច្ច ប្រទេសចិន ក្នុងកំឡុងពេល នៃការរាតត្បាតជំងឺកូវីត១៩ ក្នុងប្រទេសចិន ។ នេះបង្ហាញពីការគាំទ្រយ៉ាងខ្លាំង របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺជំងឺកូវីត១៩នេះ ហើយបានបង្ហាញពីមិត្តភាព ដ៏ជ្រាលជ្រៅនិងការជឿទុកចិត្តគ្នាខ្ពស់ រវាងកម្ពុជានិងចិន គឺមិនអាចបំបែកបាន ប្រជាជនកម្ពុជា ប្រកាន់ជំហរ រឹងមាំជាមួយប្រជាជនចិន ជួយគ្នាក្នុងគ្រាលំបាក ។

យោងតាមព័ត៌មានដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមល្ងាចថ្ងៃទី ២៣ខែមីនានេះ ចំនួនករណីកូវីត១៩ នៅកម្ពុជា បានកើនឡើងយ៉ាងលឿនដល់ ៨៧ករណី ដែលហានិភ័យ នៃការរីករាលដាលមានសន្ទុះកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។
រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺរាតត្បាតដ៏កាចសាហាវនេះ និងបានអនុវត្តវិធានការ វេជ្ជសាស្ត្រត្រួតពិនិត្យជាច្រើន។ រដ្ឋាភិបាលចិន ក៏បានពង្រីកជំនួយជួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺរាតត្បាតនេះ ។ ជាមួយនឹងការជំរុញ របស់ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា និងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា បានជួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើការងារបានល្អ ក្នុងការស្តារ ផលិតកម្ម តាមបណ្តារោងចក្រ និងបង្ការ និងព្យាបាលជំងឺរាតត្បាតនេះ ។ ប្រទេសចិនបានបរិច្ចាគសំភារៈវេជ្ជសាស្ត្រ ដូចជាសម្លៀកបំពាក់កាពារ របាំងមុខ វ៉ែនតាបាញ់ថ្នាំ សំលាប់មេរោគ និងឧបករណ៍ សំរាប់ធ្វើតេស្តរកមេរោគកូវីត១៩ ហើយបានបញ្ជូនអ្នកជំនាញ វេជ្ជសាស្ត្រចំនួន ៧រូប មកជួយចែករំលែកបទ ពិសោធន៏ការងារប្រឆាំង នឹងការឆ្លងរាលដាលជំងឺកូវីត១៩នេះ។
ក្នុងនាមជាសហគមអង្គការពាណិជ្ជកម្មចិន នៅកម្ពុជា សភាពាណិជ្ជកម្មចិនបានកោះប្រជុំបន្ទាន់ ក្រុមប្រឹក្សាអចិន្ត្រៃយ៍ ដើម្បីធ្វើការវិភាគបន្ថែម អំពីនិន្នាការវិវត្ត នៃការរីករាលដាលជំងឺកូវីត១៩នៅប្រទេសកម្ពុជា អង្គប្រជុំបានពិភាក្សាយ៉ាងសកម្ម ដើម្បីជួយភាគីកម្ពុជា ក្នុងការបង្ការ និងត្រួតពិនិត្យរកមេរោគប្រកបដោយប្រសិទ្ធភាព ចូលរួមការពារសុខភាពប្រជាជនចិន និងប្រជាជនកម្ពុជា ។ អង្គប្រជុំបានសំរេចស្នើឱ្យអង្គភាព សមាជិកទាំងអស់ រួមជាមួយសមាគមពាណិជ្ជកម្មនៅកម្ពុជា បង្កើតមូលនិធិប្រឆាំង នឹងការរាតត្បាតជំងឺកូវីត១៩ សម្រាប់៖

១. បរិច្ចាគដល់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតប្រព័ន្ធការពារការរាតត្បាត

២, ជួយអុបត្ថម្ភស្ថាប័នវេជ្ជសាស្រ្តនិងបុគ្គលិកពេទ្យ

៣. ជួយក្នុងការធ្វើរោគវិនិច្ឆ័យលើបុគ្គលិកចិននៅកម្ពុជា ការដាក់អ្នកជំងឺនៅដាច់ដោយឡែក និងផ្តល់ការព្យាបាល

៤. ការទិញសំភារះវេជ្ជសាស្រ្ត។ល។
នៅរសៀលថ្ងៃទី ២៤ ខែមីនា បន្ទាប់ពីការផ្តួចផ្តើមនេះ ត្រូវបានផ្សព្វផ្សាយ ភ្លាមៗនោះ ក៏ទទួលបានការ ឆ្លើយតបជាវិជ្ជមាន និងការគាំទ្រយ៉ាងខ្លាំង ពីសមាជិកភាគច្រើន នៃសហគ្រាសចិន និងបានបរិច្ចាគយ៉ាងផុលផុស ។ គិតត្រឹមម៉ោងបោះពុម្ពផ្សាយ ក្រុមហ៊ុនជាង៥០ បានបរិច្ចាគប្រាក់ជិត ១០ម៉ឺនដុល្លារ ។ ហើយមូលនិធិនេះ នឹងនៅតែបើកចំហ ដើម្បីស្វាគមន៍ការគាំទ្រ របស់អង្គភាពសមាជិកសមាគមពាណិជ្ជកម្មនៅកម្ពុជា និងបណ្តាសហគ្រាសចិនទាំងអស់ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ នៅកម្ពុជា៕

To Top