ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រី ប្រកាសព្យាបាល ជនបរទេស កើតជំងឺកូវីដ-១៩នៅកម្ពុជាដោយឥតគិតថ្លៃ ខណៈវៀតណាម ឲ្យជនបរទេស ចេញលុយខ្លួនឯង (វីដេអូ)

កម្ពុជាក្រពិត តែមានចិត្តធំ!

កម្ពុជាក្រពិត តែមានចិត្តធំ! នាយករដ្ឋមន្រ្តីប្រកាសថា ជនបរទេស ដែលឈឺនៅកម្ពុជា ត្រូវបានទទួលការព្យាបាល ដោយមិនគិតថ្លៃhttps://dap-news.com/national/2020/03/25/43606/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ពុធ 25 មីនា 2020

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសដាក់ចេញគោល នយោបាយថា ប្រសិនបើមានជន បរទេសណាមួយ កើតជំងឺ កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានការព្យាបាល ដោយឥតគិតថ្លៃ ខណៈប្រទេសវៀតណាម ឲ្យជនបរទេសព្យាបាល ដោយចេញលុយផ្ទាល់ខ្លួន ។

ក្នុងពិធីសំណេះ សំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមុន ចេញទៅព្យាបាលជំងឺកូវីដ-១៩ នាវិមានសន្ដិភាព នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះភ្ញៀវទេសចរ បរទេស ដែលមកកម្សាន្ដនៅកម្ពុជា បើមានឆ្លងជំងឺកូវីដ-១៩ ត្រូវបានទទួលការព្យាបាល ដោយមិនគិតថវិកាឡើយ ព្រោះពួកគាត់ចេញទៅប្រទេស របស់ខ្លួនវិញមិនកើតដោយសារ បណ្ដាប្រទេសនានា បិទជើងហោះហើរ ។

សម្ដេច មានប្រសាសន៍ថា «ខ្ញុំសូមប្រកាសយើងក្រ តែយើងចិត្តធំ អ្នកណាកើតជំងឺ នៅលើដីយើង យើងចេញលុយព្យាបាល នយោបាយនេះ ប្លែកពីវៀតណាម នាយករដ្ឋមន្ដ្រីវៀតណាម បានប្រកាសថា ជនជាតិបរទេសដែលកើតជំងឺនេះ (កូវីដ-១៩) ត្រូវចេញលុយព្យាបាលខ្លួនឯង ។ កម្ពុជាប្រទេសក្រ សូមប្រកាសថា ជនជាតិបរទេស ដែលឈឺនៅក្នុងទឹកដីកម្ពុជា ត្រូវទទួលបានការព្យាបាល ពីសំណាក់គ្រូពេទ្យកម្ពុជា ដោយមិនបង់ថ្លៃ នេះជាគោលនយោបាយ របស់យើង» ។

សម្ដេចបន្ដថា បញ្ហាជនបរទេសមានជំងឺ កូវីដ-១៩ នៅកម្ពុជាព្យាបាលមិនគិតថ្លៃ ពីព្រោះនេះជាកាតព្វកិច្ច របស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ ។

សម្ដេចតេជោ រៀបរាប់ថា ជនបរទេសមកកម្សាន្ដ នៅកម្ពុជា នាពេលនេះ ពួកគាត់មានការ លំបាកណាស់ ស្របពេលបណ្ដា ប្រទេសនានា បិទជើងហោះហើរ ដូច្នេះ កម្ពុជាមិនត្រូវទុកឲ្យ ជនបរទេសទាំងនោះស្លាប់ទេ ត្រូវមើលថែពួកគាត់ ជាប់ជានិច្ចដោយសារ «ខ្មែរមានចិត្តធំ ប៉ុន្ដែខ្មែរ មានគុណធម៌» ។

សម្ដេចបន្ថែមថា រហូតមកដល់ពេលនេះ បញ្ហាជំងឺ កូវីដ-១៩ ដែលកើតនៅកម្ពុជានាពេលនេះ គឺជាជំងឺនាំចូលកម្ពុជា តែប៉ុណ្ណោះ ដោយគ្មានអ្នកឆ្លង នៅក្នុងប្រទេសឡើយ។
សម្ដេចថា មានសារព័ត៌មាន ក្រៅប្រទេសខ្លះ ចាត់ទុកកម្ពុជា ជាច្រក ចេញ-ចូល នៃជំងឺ កូវីដ-១៩ ដូច្នេះ ភាសារទាំងនេះកម្ពុជា មិនអាចទទួលយកបានឡើយ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាដល់ពេលនេះ ឡើងដល់៩៣ករណី ប៉ុន្ដែយើងបានជាសះស្បើយចំនួន៤ករណីដែរ។ ឥឡូវដំណាក់កាលទី២នេះ គឺមានកិច្ចការងារ៣ ការពារពីខាងក្រៅត្រូវបន្ដ ការពារអ្នកដែលបានឆ្លងហើយ កុំទៅឆ្លងពួកអ្នកដទៃ ព្យាបាលអ្នកដែលឈឺនឹងឲ្យជា ធ្វើយ៉ាងម៉េចកុំស្លាប់ដូចអ្នកនៅអាមេរិក កុំឲ្យស្លាប់ដូចនៅអ៊ីតាលី កុំឲ្យស្លាប់ដូចនៅអេស្ប៉ាញ កុំឲ្យស្លាប់ដូចបារាំង» ។

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីកម្ពុជា រំលឹកថា សមាជិកសភាសហរដ្ឋអាមេរិក លោក ថេដ យ៉ូហូ ដែលជាអ្នកផ្តួចផ្ដើមធ្វើច្បាប់ដាក់ទណ្ឌកម្មមកកម្ពុជា បែបជាសរសេរលិខិត ថ្លែងអំណរគុណ សម្តេច ចំពោះសកម្មភាពមនុស្សធម៌របស់សម្តេច តាមរយៈការអនុញ្ញាតឲ្យនាវារបស់អាមេរិកចូលចត នាពេលកន្លងមក ខណៈបណ្ដាប្រទេសនានា មិនឲ្យចូលចតឡើយ ដោយខ្លាចឆ្លងជំងឺ កូវីដ-១៩។

សម្ដេចនាយករដ្ឋមន្ដ្រី បានថ្លែងថា «ខ្ញុំអត់នឹកស្មានថា តំណាងរាស្ដ្រម្នាក់ឈ្មោះ យ៉ូហូ ដែលជាអ្នកធ្វើច្បាប់ ក្នុងការដាក់ទណ្ឌកម្មកម្ពុជា បែរជាសរសេរសំបុត្រមកថ្លែង អំណរគុណផ្ទាល់មកដល់ខ្ញុំ ហើយខ្ញុំនឹកអត់ដល់ទេ ក៏ប៉ុន្ដែអ្នកនយោបាយមានគុណធម៌ គេអាចធ្វើអីចឹងបាន» ។

ឆ្លៀតឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមថ្លែងអំណរគុណ ព្រះគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះអង្គចូលរួមវិភាគទានដោយចាប់ផ្ដើមមុនគេ ប្រោសព្រះរាជទាន ជំនួយសប្បុរសជន ដោយ ព្រះមហាក្សត្រ ១០ម៉ឺនដុល្លារ សម្ដេចម៉ែ២០ម៉ឺនដុល្លារ ។ ហើយសម្ដេច ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ផងដែរដែលបានចូលរួមជាថវិកា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលជំងឺ កូវីដ-១៩ដែលរហូតមកដល់ពេលនេះ ជំនួយទទួលបានជាង៨លានដុល្លារអាមរិកហើយ។

សម្ដេចតេជោថ្លែងបញ្ជាក់ថា «បន្ទាប់ទៅសប្បុរសជនក៏បានចាប់ផ្ដើមចូលរួម ដែលមកដល់ពេលនេះ ថវិកានៃការចូលរួមរបស់សប្បុរសជន បានប្រមាណជា ជាង៨លានដុល្លារ»។

សម្ដេចអះអាងថា រាជរដ្ឋាភិបាលនៅតែបន្ដទទួលជំនួយពីសប្បុរសជនពីព្រោះជំងឺ កូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេហើយរាជរដ្ឋាភិបាល ក៏មិនទាន់បានប្រើប្រាស់ថវិកានេះដែរ។

សម្ដេចថា បើសិនថវិកានេះនៅសល់ ពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ គោលដៅរបស់រាជរដ្ឋាភិបាល នឹងបង្វែរថវិកាជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផាវិញ ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន៩៣ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត ៕

ដោយ ៖ អេង ប៊ូឆេង

To Top