កំពង់ចាម ៖ ស្របតាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល, ប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីត-១៩ ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០នេះ បានបើកយុទ្ធនាការយ៉ាងក្តៅគគុក មានអាជ្ញាធរ និងមន្រ្តីសុខាភិបាល បានបន្តចុះផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋ ស្ដីពីការបង្ការទប់ស្កាត់ ការរីករាលដាលមេរោគ កូវីដ១៩ ។
តាមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា មកដល់ពេលនេះ មន្ត្រីអាជ្ញាធរតាមមូលដ្ឋាន រួមនិងកម្លាំងសមត្ថកិច្ច តាមបណ្ដាក្រុងស្រុកនីមួយៗ ក្នុងខេត្តកំពង់ចាម បាននិងកំពុងបន្តសកម្មភាពផ្សព្វ ផ្សាយសារអប់រំ ស្តីពីវិធានការបន្ទាន់បង្ការ ជំងឺ COVID-19 នៅតាមខ្នងផ្ទះ និងតាមដងផ្លូវយ៉ាងសកម្មបំផុត ដើម្បីធ្វើយ៉ាង ណា រួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19 ពិសេសចំពោះបងប្អូនពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស។
មន្ត្រីដដែលបញ្ជាក់ថា វិធានការនេះ ត្រូវបានចាត់ទុក ជាវិធានការចុះផ្សព្វផ្សាយដល់គោលដៅ ពោលគឺតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋតែម្តង ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចេះបង្ការការពារខ្លួនពីជំងឺ COVID-19 ដែលកំពុងរីករាលដាល់ នៅបណ្តាទូទាំងសកលលោក រួមទាំងកម្ពុជាផងដែរ។
សូមជម្រាបថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ Covid-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានបញ្ចេញសារអប់រំ ជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍។
សារអប់រំជាទិភាព ពីលំដាប់ទី១ដល់ទី៤រួមមាន៖
ទី១ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះ ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។
ទី២ ប្រសិនបើលោកអ្នក មានរោគស ញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរ មកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
ទី៣ ប្រសិនបើលោកអ្នក មានរោគស ញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដក ដង្ហើម និងមានប្រវត្តិធ្វើដំណើរ មកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុង អំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់។
ទី៤ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោ បល់ថែទាំសុខភាព៕